(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់សារធាតុអាបេស្តូសនៅកម្ពុជា។

លោក ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះគឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះជាច្រើនទៀតដែលប៉ះពាល់សុខភាពដោយសារសារធាតុអាបេស្តូស។

ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៉ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជាកំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។

យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) អាបេស្តូស គឺជាក្រុមមួយនៃរ៉ែដែលមានជាតិសរសៃធម្មជាតិ ហើយផ្តល់នូវអត្ថប្រយោជន៍ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ដោយសារតែភាពរឹងមាំដ៏អស្ចារ្យរបស់វា ការធន់នឹងកម្ដៅ និងភាពធន់ទ្រាំទៅនឹងការវាយប្រហារពីសារធាតុគីមីដទៃទៀត។ ដោយហេតុផលទាំងនេះ អាបេស្តូសត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកីសូឡង់នៅក្នុងអគារ និងជាធាតុផ្សំនៅក្នុងផលិតផលមួយចំនួន ដូចជា រនាំងដំបូល បណ្តាញផ្គត់ផ្គង់ទឹក និងភួយភ្លើង ក៏ដូចជាស្រទាប់ហ្រ្វាំង និងបន្ទះហ្រ្វាំងប្រអប់ហ្គាស និងបន្ទះសម្រាប់យានយន្ត។

អង្គការសុខភាពពិភពលោកបានបន្តថា សារធាតុអាបេស្តូសបង្កផលប៉ះពាល់អាក្រក់បំផុត នៅពេលមនុស្សម្នាក់ត្រូវបានប៉ះពាល់នឹងកំហាប់របស់វា ឬពួកគេត្រូវបានប៉ះពាល់ជាប្រចាំក្នុងរយៈពេលយូរ។ សារធាតុអាបេស្តូសកាន់តែច្រើនកកកុញនៅក្នុងខ្លួនមនុស្សជាមួយនឹងការប៉ះពាល់ ហើយមិនមានវិធីណាដែលអាចដឹងពីវិធីនៃការបំផ្លាញកោសិកាទេ។ ភាគច្រើនអ្នកជំងឺដែលមានជំងឺទាក់ទងនឹងអាបេស្តូស គឺបុរសដែលមានអាយុលើសពី៦០ឆ្នាំ។ នេះក៏ព្រោះតែជំងឺដែលទាក់ទងនឹងអាបេស្តូសមានអាយុកាលវែង៕