(បាត់ដំបង)៖ ដើម្បីជាចំណងដៃនៅថ្ងៃសម្ពោធ ដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនៅទីរួមខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់សិទ្ធ កាន់កាប់ដីធ្លីស្របច្បាប់ ចំនួន០៤ទីតាំងបន្ថែមទៀត ជូនប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ ដែលកំពុងរស់នៅលើដីកម្មសិទ្ធ សាធារណៈរបស់រដ្ឋ នៅក្នុងខេត្តបាត់ដំបង តាមរយៈលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបានសម្រេចប្រគល់ ជូនមួយទីតាំងរួចមកហើយ នៅក្នុងបុរីកម្មករ នៃរោងចក្រត្បាញសំពត់ ខេត្តបាត់ដំបង ជូនប្រជាជនចំនួន ៤៩គ្រួសារ កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមជំរាបផងដែរថា ផ្ទៃដីទាំង០៤ទីតាំងបន្ថែមដែលនឹង ត្រូវប្រគល់សិទ្ធកាន់កាប់ ស្របច្បាប់ជូន ប្រជាពលរដ្ឋ នៅពេលនេះគឺជា ដីកម្មសិទ្ធសាធារណៈរបស់រដ្ឋ ស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ គិតចាប់តាំងពីឆ្នាំ ១៩៧៩ មកទល់បច្ចុប្បន្ន ពួកគាត់ដែលភាគច្រើនជាអតីតគ្រួសារកម្មករ បានរស់នៅលើដីនេះ ដោយមិនមានឯកសារស្របច្បាប់ ណាមួយដើម្បីធានានូវនិរន្តរភាព នៃទីជម្រករបស់ពួកគាត់ឡើយ ព្រោះដីនេះជាកម្មសិទ្ធរបស់រដ្ឋ។
ដោយមើលឃើញពីតម្រូវការចាំបាច់ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទាំង១៤៩ គ្រួសារ និងដោយទទួលបាននូវរបាយការណ៍ ជាក់លាក់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចប្រគល់សិទ្ធកាន់កាប់ ស្របច្បាប់ជូនពួកគាត់ទាំង ១៤៩គ្រួសារ ដែលក្នុងនោះរួមមាន៖
១-ទីតាំងដីអតីតពហុសិប្បកម្ម នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ៧.០៩០ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ៩៧គ្រួសារ។
២-ទីតាំងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត (វត្តលាប) និងជាទីតាំងអតីតរោងចក្រទឹកកក ទឹកក្រូច ស្ថិតនៅភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ១.៣៧៩ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ។
៣-ទីតាំងអតីតរោងសិប្បកម្មស្ករអំពៅ ស្ថិតនៅភូមិដំណាក់លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ៣.២៤៦ ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ។
៤-ទីតាំងបរិវេណអង្គភាពរដ្ឋាករទឹកបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើផ្ទៃដីទំហំ ៥៦០ម៉ែត្រការ៉េ ក្នុងនោះដីទំហំ ២៨០ម៉ែត្រការ៉េ ផ្តល់ជូនកម្មករមួយគ្រួសារ និងដីទំហំ ២៨០ម៉ែត្រការ៉េទៀត សម្រាប់ដោះស្រាយគោលនយោបាយ ជូនកម្មករដែលមានការពាក់ព័ន្ធ។
គួររំឭកផងដែរថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន ៤៩ នៅបុរីកម្មករ នៃរោងចក្រត្បាញសំពត់ ដែលទើបទទួលបាន ការឯកភាពថ្មីៗ ពី សម្តេចតេជោនាយករដ្ឋមន្រ្តី នូវកម្មសិទ្ធស្របច្បាប់លើផ្ទៃដីរដ្ឋចំនួន ៥.៧៧១ម៉ែត្រការ៉េរួចមក លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងសិប្បកម្ម ក៏បានអញ្ជើញចុះជួបផ្ទាល់ផងដែរ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅ ០៤ទីតាំងខាងលើ ហើយ លោកបានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងបានជម្រាបប្រាប់បងប្អូនអោយរស់នៅ និងរកទទួលទាន ដោយស្ងប់អារម្មណ៍ កុំមានការព្រួយបារម្មណ៍ចំពោះ ការបាត់បង់លំនៅដ្ឋាន របស់ខ្លួន ព្រោះពេលនេះ ក្រោមការគិតគូ និងយកចិត្តទុកដាក់ ពី សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត បងប្អូនប្រជាពលរដ្ឋ គឺបានទទួលនូវសិទ្ធស្របច្បាប់លើការកាន់កាប់ដីធ្លី ដែលខ្លួនកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។
បន្ទាប់ពីទទួលបាននូវដំណឹងដ៏ល្អនេះ បងប្អូនប្រជាពលរដ្ឋទាំង ១៤៩គ្រួសារ បានសម្តែងនូវសេចក្តីរីករាយជាពន់ពេកក្រៃលែង និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនចំពោះ សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរ តែងគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនពួកគាត់ គ្រប់កាលៈទេសៈ ហើយនិងបានជូនពរ សម្តេចទាំងពីរ ទទួលបាននូវសុខភាពល្អ កម្លាំងពលាំងមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ អោយកាន់តែរីកចម្រើនទៅមុខ៕