(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់កសិករទូទាំងប្រទេសយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្រសួងកសិកម្មជូនដំណឹងដល់កសិករបែបនេះ ដោយសារកម្ពុជាអាចនឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីករណីមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ និងរាយប៉ាយស្ទើរគ្រប់កន្លែងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដែលមានមានលក្ខណៈល្អសម្រាប់ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ៕