(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣, នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងជំនាញការបារាំង (Expertise France), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានសហការរៀបចំសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសមិទ្ធកម្ម នៅប្រទេសបារាំង ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

សិក្ខាសាលនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Philippe Le Houerou ប្រធានក្រុម​ ប្រឹក្សាភិបាល AFD ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រមាណ ១២០រូប ដោយមានការធ្វើបទបង្ហាញ ពីវាគ្មិនជាជំនាញការមកពីបារាំង ដែលជាអ្នកអនុវត្តការងារផ្ទាល់ និងមានបទពិសោធន៍ជ្រៅជ្រះច្រើនឆ្នាំនៅប្រទេសបារាំង។

គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីធ្វើការចែករំលែកបទពិសោធន៍អំពីការរៀបចំថវិកា, ការអនុវត្តថវិកា និងការតាមដាន និងវាយតម្លៃថវិកា សមិទ្ធកម្ម នៅប្រទេសបារាំង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការត្រៀមខ្លួន និងរៀបចំផែនការ សកម្មភាពការងារ ក្នុងការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្មយ៉ាងយូរត្រឹមឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

លោក Philippe Le Houerou ប្រធានក្រុមប្រឹក្សាភិបាល AFD បានកោតសរសើចំពោះការ បេជ្ញាចិត្ត និងតួនាទីនាំមុខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការដឹកនាំការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក។ ការប្តេជ្ញាចិត្តខ្ពស់នេះ បានគូសបញ្ជាក់យ៉ាងច្បាស់តាមរយៈការរៀបចំ និងការអនុម័តច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនាពេលថ្មីៗនេះ។ ភាគីបារាំងរីករាយនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តកិច្ចការកែទម្រង់ដ៏មានសារៈសំខាន់នេះ។

លោក វង្សី វិស្សុត បានលើកឡើងថា ការចែករំលែកបទពិសោធន៍ និងចំណេះដឹងការអនុវត្តថវិកាសមិទ្ធកម្មរបស់បារាំង ដែលមានប្រព័ន្ធរដ្ឋបាល សាធារណៈប្រហាក់ប្រហែលកម្ពុជា និងធ្លាប់ធ្វើកិច្ចការនេះមុនកម្ពុជា ពិតជាចាំបាច់សម្រាប់កម្ពុជា ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការពន្លឿនល្បឿន នៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ធានាបាន នូវចីរភាពនៃថវិកា ក៏ដូចជាការទទួលខុសត្រូវ ចំពោះប្រជាជន ដែលជាអ្នកបង់ពន្ធផងដែរ។

ពិតណាស់ថា យើងមិនអាចចម្លងទាំងស្រុងពីបារាំងបានទេ ប៉ុន្តែយើងអាចប្រើប្រាស់បទពិសោធន៍ទាំងនេះ ជាគំនិត, ម៉ូដែល, ទស្សនៈ, គោលការណ៍ និង ជាឧត្តមានុវត្តន៍ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រង វិស័យហិរញ្ញវត្ថុសាធារណៈ ដោយប្រតិសកម្មជា មួយហិរញ្ញវត្ថុផ្សេងទៀត ឬវិស័យផ្សេងទៀត ដើម្បីធ្វើឱ្យមានសហថាមពល (synergy) នៅក្នុងសេដ្ឋកិច្ច និងការអភិវឌ្ឍទាំងមូល។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ក៏ប៉ុន្តែអភិក្រមនៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរវាងបារាំង និងកម្ពុជាខុសគ្នាបន្តិច ព្រោះបារាំងអនុវត្តតាមអភិក្រមពីលើចុះក្រោម (Top-down approach) តាមរយៈការរៀបចំ និងប្រកាសដាក់អនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០០១ តែម្តង ពោលគឺធ្វើច្បាប់មុន រួចអនុវត្តកិច្ចការកែទម្រង់តាមក្រោយ។ ប៉ុន្តែកម្ពុជាអនុវត្តតាមអភិក្រមពីក្រោមឡើងលើ (Bottom-up approach) ពោលគឺ កម្ពុជាចាប់ផើ្តមកែទម្រង់តាំងពីឆ្នាំ២០០៤ ដោយធ្វើបណ្តើរ និងរៀនបណ្តើរ ដោយដកស្រង់បទពិសោធន៍ពីការអនុវត្តជាក់ស្តែងផង និងពីឧត្តមានុវត្ត (Best practice) ពីបណ្តាប្រទេសផ្សងៗ ក្នុងតំបន់ និងអន្តរជាតិ រួមទាំងប្រទេសបារាំងផង ដើម្បីកំណត់គោលដៅ ចុងក្រោយដែលស្របនឹង បរិការណ៍កម្ពុជា ដោយផ្អែកលើមូលដ្ឋាន នៃការអនុវត្តក្នុងរយៈពេល ១៩ឆ្នាំកន្លងមក តាមរយៈការរៀបចំច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ២០២៣ នេះ ដើម្បីឈានឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធកម្ម ដោយគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃវដ្តថវិកា ចាប់តាំងពីការរៀបចំ, ការអនុម័ត, ការអនុវត្ត និងការតាមដានត្រួតពិនិត្យ។

លោកបានគូសបញ្ជាក់ថា ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល ១៩ឆ្នាំកន្លងមកនេះ យើងបានធ្វើការទម្រង់នៅក្នុងគ្រប់ដំណាក់កាលនៃវដ្តថវិកា និងចាប់តាំងពីដើមទី រហូតទៅដល់អ្នកទទួល ខុសត្រូវចុងក្រោយ នៅក្នុងបន្ទាត់នៃគណនេយ្យភាព, ពីថវិកាដែលផ្អែកលើធាតុចូល ទៅផ្នែកលើសមិទ្ធកម្ម និងពីការគ្រប់គ្រង តាមបែបមជ្ឈការ ទៅបែបវិមជ្ឈការ។ នេះជាខ្សែពីរដែលយើងដើរជាមួយគ្នា ក្នុងគោលដៅតែមួយ គឺបម្រើឱ្យប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង ចីរភាពថវិកា។ ក៏ប៉ុន្តែការកែទម្រង់ហិរញ្ញវត្ថុ គឺដូចកិច្ចការប្រចាំថ្ងៃ ដែលត្រូវបន្តរៀន និងកែរហូតអត់ចប់ទេ សូម្បីតែប្រទេសបារាំង ក៏មិនទាន់ចប់ដែរ។

លោក វង្សី វិស្សុត បន្តលើកឡើងថា ក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាត្រូវការវិស័យ សាធារណៈដែលខ្លាំង ដែលក្នុងនោះ ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈត្រូវតែរឹងមាំ និងជាឧបករណ៍គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាតិគ្រប់បែបយ៉ាងទាំងអស់ ទាំងជានយោបាយ សេដ្ឋកិច្ច និងសង្គម ឬក៏គ្រោះថ្នាក់ផ្សេងៗ ហើយអាចទប់ទល់ និងជម្នះបាននូវរាល់ហានិភ័យ និងបញ្ហាប្រឈមនានា បណ្តាលមកពី សកលភាវូបនីយកម្ម, បញ្ហាភូមិសាស្រ្តនយោបាយ, ការបាក់បែក នៃភូមិសាស្រ្តសេដ្ឋកិច្ច ព្រមទាំងបញ្ហាការប្រែប្រួលអាកាសធាតុជាដើម សំដៅនាំនាវាកម្ពុជាឱ្យឆ្លងផុត ទៅដល់ត្រើយនៃការរីកចម្រើនលូតលាស់លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងភាពធន់ ហើយបែងចែកផ្លែផ្កានៃកំណើននេះ ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាជន។ ក៏ប៉ុន្តែដើម្បីធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំ យើងត្រូវមានក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធល្អ, គ្រប់ជ្រុងជ្រោយ, មានលក្ខណៈឆ្លើយតប, តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងត្រូវទាមទារសមត្ថភាពរបស់មន្រ្តី ទាំងផ្នែកជំនាញបច្ចេកទេស និងផ្នែកស្មារតី, សីលធម៌, គុណធម៌, និងគុណតម្លៃ។ បើមានតែច្បាប់ និងលិខិតបទដ្ឋានល្អ ហើយមន្រ្តីអត់មានសមត្ថភាព ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកសីលធម៌ និងស្មារតីទេ ក៏វាអត់ទៅមុខដែរ។ ដូចនេះ ទាមទារនូវការបណ្តុះបណ្តាលសមត្ថភាពជាប្រចាំ ក៏ដូចការបំពាក់នូវឆន្ទៈ និងស្មារតី កំណែទម្រង់។

លោក វង្សី វិស្សុត បានថែ្លងអំណរគុណ ដល់ភាគីបារាំង ដែលបានផ្តល់ការគាំទ្រ ដល់ការរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដែលនេះសបញ្ជាក់ ឱ្យឃើញថា មិត្តបារាំងរបស់យើងមិនត្រឹមតែផ្តល់ការយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់កម្ពុជា ក្នុងការកែទម្រង់ការគ្រប់គ្រង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលជាកិច្ចការមួយដ៏សំខាន់នៅក្នុងការគ្រប់គ្រងប្រទេស ក៏ដូចជាអាទិភាពរបស់រាជរដ្ឋាភិបាលថែមទៀត៕