(ព្រះវិហារ)៖ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាល និងបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចំនួន១០៦នាក់ មកពីបណ្ដាឃុំនានា នៃស្រុកត្បែងមានជ័យ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដ នៅទីបញ្ជាការផ្នែកសឹករងស្រុកត្បែងមានជ័យ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្តព្រះវិហារផងដែរ។
ជាក់ស្តែងថ្ងៃនេះ បងប្អូនអតីតយុទ្ធកម្ពុជារបស់យើងនៅស្រុកត្បែងមានជ័យ បានទទួលការបំពាក់មេដាយលើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទូលថ្វាយព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំប្រទាននូវគ្រឿងឥស្សរិយយស មកបំពាក់ជូនបងប្អូនយើងនាពេលនេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារជាតិមាតុភូមិ រហូតប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
លោកឧត្តមសេនីយ៍ទោប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង និងបាននាំថវិកាដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនបងប្អូនអតីតយុទ្ធកម្ពុជារបស់យើង ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀលផងដែរ៕