(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ បានបើកសវនាការកាត់ទោសនិស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈពាក់ព័ន្ធរឿងប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក។ កាលនៅតុលាការថ្នាក់ក្រោម យុវជន គង់ រ៉ៃយ៉ា បានទទួលស្គាល់កំហុសដែលបានអំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា ប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ផ្តន្ទាទោស១ឆ្នាំ៦ខែ ដោយគ្មានពិន័យជាប្រាក់ឬព្យួរទោសឡើយ ។
យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»៕