(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ អតីតសមាជិក មកពីគណបក្សផ្សេងៗ ចំនួន ៨៥៦នាក់ ក្នុងនោះមកពីគណបក្សភ្លើងទៀនចំនួន១២៨នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីសំណេះសំណាលបញ្ចូលសមាជិកថ្មីមកពីគណបក្សផ្សេងៗទាំង៨៥៦នាក់ បានធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ។ សមាជិកទាំងនេះ មកពីគណបក្សភ្លើងទៀន១២៨នាក់, គណបក្សរួបរួមជាតិ៦១២នាក់ និងគណបក្សហ្វ៊ុនស៉ិនប៉ិច១១៦នាក់ មកពីឃុំទាំង៦ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោក អ៊ុំ រាត្រី បានលើកឡើងថា ការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរសប្បាយ ពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ។

លោកបានបន្តថា សមាជិកថ្មីដែលបានចូលមករូមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៨៥៦នាក់ ដែលពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ។ ជាការពិតណាស់ការជួបជុំគ្នានាពេលនេះ ជាសកម្មភាពដ៏សំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបងប្អូនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង ៤០ឆ្នាំមកហើយ នឹងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ឲ្យរួចផុតពីការកាប់សម្លាប់ ព្រមទាំងមានការអភិវឌ្ឍ ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោកបានបន្ត​ទៀតថា វាជាសមិទ្ធិដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននាពេលកន្លងមក គឺកត្តាសុខសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងផែនការយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមការដឹកនាំ និងភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកនៅសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខុដុមរម្យនា សន្តិភាពមិនមែនកើតឡើងដោយឯងៗនោះឡើយ គឺបានមកពីការតស៊ូ ការលះបង់គ្រប់បែបយ៉ាងក្នុងការបួជាជីវិត ដើម្បីប្រទេសជាតិទាំងមូល។ គណបក្សប្រជាជន មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន។

ជាមួយគ្នានេះ លោក អ៊ុំ រាត្រី ក៏បានចែកអំណោយជូនសមាជិកសមាជិកាថ្មីទាំង៨៥៦នាក់ ដោយម្នាក់ៗទទួលបានសារុងមួយផងដែរ៕