(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីអូស្ត្រាលី បានឯកភាពសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជា ឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ ខណៈប្រទេសទាំងពីរមិនទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាលើការបញ្ជូន-ទទួលពលករកម្ពុជាធ្វើការនៅប្រទេសអូស្ត្រាលីនោះឡើយ។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។

គួររំលឹកថា កន្លងមក ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលីមិនទាន់មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានក្រើនរំលឹក និងអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាសូមកុំចាញ់បោកពួកមេខ្យល់ទាំងនោះ ហើយសូមចូលរួមសហការផ្តល់ព័ត៌មានដល់ក្រសួងការងារ ប្រសិនបើមានភ្នាក់ងារជ្រើសរើសណាមួយធ្វើការជ្រើសរើស និងបញ្ជូនពលករធ្វើការនៅប្រទេសអូស្ត្រាលី៕