(កណ្ដាល)៖ ស្ត្រីមេម៉ាយកូន២ម្នាក់ ជាមេការខារ៉ាអូខេមួយកន្លែង តូចចិត្តនឹងខ្លួនដែលមានជំងឺអេដស៍ និងជំងឺថ្លើម ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ៣ ផ្ទះសំណាក់រស្មីអង្គរ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

ជនរងគ្រោះ‌ អាយុ៣៥ឆ្នាំ មុខរបរមេការខារ៉ាអូខេស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយកើតហេតុ អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ចុះទៅពិនិត្យករណីចងក។

លោក សេង រ៉ានុត បុគ្គលិកផ្ទះសំណាក់ បានប្រាប់នគរបាលថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះបានមកស្នាក់នៅផ្ទះសំណាក់រស្មីអង្គរ ដោយបានប្រាប់ថា ស្នាក់គិតម៉ោង ហើយក៏ឡើងទៅបន្ទប់លេខ៣ បើកបន្ទប់ និងម៉ាស៊ីនត្រជាក់ឲ្យជនរងគ្រោះសំរាក។

បន្ទាប់មកក៏អោយឈ្មោះ សំអឿន បុគ្គលិកផ្ទះសំណាក់ មកបន្តវេនយប់ ដោយបាននិយាយថា បន្ទប់លេខ៣មិនទាន់បង់លុយទេ ដល់ម៉ោង ២៣និង០០នាទីថ្ងៃខែដដែល ក៏បានឡើងទៅបន្ទប់ជនរងគ្រោះគោះទ្វារ ដើម្បីដល់ម៉ោងបង់លុយ តែមិនឆ្លើយតប ទើបគិតថាចាំស្អែកគិតលុយតែម្តង។

របាយការណ៍បន្តទៀតថា លុះដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី ដោយត្រូវដល់ម៉ោងចេញបុគ្គលិកផ្ទះសំណាក់ បានទៅបន្ទប់លេខ៣ គោះទ្វារដើម្បីគិតលុយ ប៉ុន្តែបន្ទប់នេះមិនឃើញបើកទ្វារហើយ ស្រែហៅក៏មិនឆ្លើយ ទើបសាក្សីរូបនេះបានហៅក្រុមការងារយកសោមកចាក់ ប៉ុន្តែជាប់គន្លឹះខាងក្នុងមួយទៀតបើកមិនចេញ។

ពេលមើលតាមចន្លោះទ្វារមិនឃើញសម្រាកនៅលើគ្រែ ក៏ឃើញជនរងគ្រោះចងកជាប់និងជំរឹងដែកបង្អួច ពេលនោះក៏រាយការណ៍ជូនទៅអាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីចូលទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ។

ស្រ្តីឈ្មោះ ឃឿន សេរីយ៉ា ត្រូវជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានទៅពិនិត្យឈាមនៅមន្ទីរពេទ្យ ក៏មានជំងឺអេដស៍ (HIV) និងជំងឺថ្លើម ហើយជនរងគ្រោះពិបាកចិត្តណាស់ មិត្តភក្តិនាំគ្នាចេះតែលួងលោម កុំឲ្យជនរងគ្រោះគិតច្រើន។

នគរបាលបញ្ជាក់ថា តាមការពិនិត្យសាកសពសាកសពមានសភាពរឹង មានស្នាមខ្មៅជុំវិញក ធ្មេញខាំអណ្ដាត ស្រុងឈាម ក្រៅពី និងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ និងតាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចងក។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕