(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ (សម្ពោធទាំងពីរខេត្តតែម្តង)។ គម្រោងនេះជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយទឹកប្រាក់សរុបចំនួន៣៣៥៥លានយ៉េន (៣៣,៥៥ លានដុល្លារ) ដែលមានកម្លាំងផលិតទឹកជាងបីម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាមគឺទទួលទានបានតែម្តង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិតទឹកស្អាតច្រើន ធ្វើឲ្យប្រជាពលរដ្ឋបាន ប្រើប្រាស់ទឹកស្អាតច្រើនឡើងៗ។ សម្តេចតេជោ សូមអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់រោងចក្រផលិតទឹកស្អាតដល់ ប្រជាជនកម្ពុជាសម្រាប់ប្រើប្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មី នៅខែកញ្ញាខាងមុខ កម្ពុជា-ជប៉ុន នឹងមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ធ្វើឲ្យការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ងាយស្រួល និងទាក់ទងអ្នកវិនិយោគមកកាន់កម្ពុជា។ ខណៈដែលទំហំពាណិជ្ជកម្ម កម្ពុជា-ជប៉ុន មានជាង១ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមន្រ្តីទូតជប៉ុនជួយបំភ្លឺ និងកែតម្រូវនូវការផ្សាយខុសការពិតអំពីជំនួបរវាងសម្តេច និងនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ របស់សារព័ត៌មានក្នុងស្រុក ដែលមានភាសាខ្មែរ និងអង់គ្លេស។ កាសែត Cambodia Daily បានផ្សាយថា លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានស្តីបន្ទោសឱ្យនាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងជំនួបទ្វេភាគីក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប កាលពីសប្តាហ៍មុន។ សម្តេចថា នេះគឺជាការផ្សាយមួលបង្កាច់ និងខុសពីការពិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកបាត់ដំបងពិតជាសំណាង ដែលទទួលបានលោក ច័ន្ទ សុផល ជាអភិបាលខេត្តដ៏ល្អម្នាក់។ សម្តេចសង្ឃឹមថា នៅទូទាំងប្រទេសនឹងមានមន្រ្តីល្អៗដើម្បីបម្រើដល់ប្រជាពលរដ្ឋពិតប្រាកដ។ សម្តេចថា នឹងដើរពិនិត្យនៅតាមមូលដ្ឋាននានា ដោយចាប់ផ្តើមពីខេត្ត បាត់ដំបងនេះតទៅ។
* សម្តេចតេជោ ហ៊ុន សែន សរសើរហាងលក់គុយទាវដែលសម្តេចទទួលទានពីម្សិលមិញ នៅផ្សារក្រគរ ឆ្ងាញ់ ទឹកស៊ុបឆ្ងាញ់។ សម្តេចបានថ្លែងថា «បើកុំខ្មាស់គេ លើកចានហុតទឹកស៊ុបដល់អស់»។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគ្រោះថ្នាក់បំផុត គឺខ្មែរលាបពណ៌ខ្មែរគ្នាឯង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បច្ចុប្បន្នកម្ពុជា មានតំបន់ត្រួតត្រាតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមរាជរដ្ឋាភិបាលកម្ពុជាតែមួយ និងក្រោមកងកម្លាំងប្រដាប់អាវុធតែមួយ ដែលនេះខុសពីមុនមានតំបន់ត្រួតត្រា៤ និងកងកម្លាំងប្រដាប់អាវុធ៤ ការកសាងសន្តិភាពនៅកម្ពុជា មិនមែនជាការងាយស្រួលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥ នឹងត្រូវធ្វើការពង្រីកក្នុង៣ដំណាក់កាល ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនេះជាផ្លូវភ្ជាប់អាស៊ាន។ ដំណាក់កាលទី១ ពីបាត់ដំបង ទៅប៉ោយប៉ែត, ដំណាក់កាលទី២ ពីព្រែកក្តាម ទៅកាន់ខេត្តពោធិ៍សាត់ និងដំណាក់កាលទី៣ ពីខេត្តពោធិ៍សាត់ ទៅកាន់ខេត្តដំបង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០៤នាទីនាព្រឹកថ្ងៃដដែល !៕