(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកគិរីវង់ បានថ្លែងថា ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានប្តេជ្ញាបន្តគាំទ្រ រាជរដ្ឋាភិបាល ក្នុងការថែរក្សា សុខសន្តិភាព ដែលរកបានដោយកម្រក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ របស់ប្រទេសកម្ពុជា។

ការថ្លែងបែបនេះ របស់លោក សុខ សូកាន បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តគិរីគង្គារ (ហៅវត្ដបួរ) ស្ថិតក្នុងភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងពិធីកាត់ឫសសីមា ព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា។

ពិធីខាងលើត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគិរីវង់ និងឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្តាឃុំទាំង១២ ព្រមទាំង មន្ត្រី អាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋសរុបប្រមាណ ១០០០នាក់។

ឆ្លៀតក្នុងឱកាសនោះលោក សុខ សូកាន បានសម្តែងនូវការអបអរសាទរ និងសេចក្តីត្រេកអរជាពន់ពេកចំពោះសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តគិរីគង្គារ (ហៅវត្តបួរ) ដែលមានអាយុកាលប្រមាណ ២៤៦ឆ្នាំមួយនេះ។

លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនជូនចំពោះព្រះតេជព្រះគុណព្រះចៅអធិការវត្តគ្រប់ជំនាន់ ជាពិសេស ព្រះចៅអធិការបច្ចុប្បន្ន ព្រះនាម នួន អូរ ក៏ដូចជាគណៈកម្មការ អាចារ្យវត្តគ្រប់ជំនាន់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំ ព្រៃរំដេង និងពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជននានា ជាពិសេសលោកឧកញ៉ា វង្ស ឈាង និង លោកស្រី សុខ ណៃ ព្រមទាំងក្រុមគ្រួសារ ដែលបានខិតខំ ប្រឹងប្រែងប្រកបដោយសទ្ធាជ្រះថ្លាដ៏ប្រពៃក្នុងការរួមគ្នាកសាងនូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់នៅ ទីអារាមនេះសម្រាប់តម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនពុទ្ធបរិស័ទជិតឆ្ងាយ ប្រើប្រាស់ជួបជុំធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា បន្ទាប់ពីការផ្តួចផ្តើមគំនិតដំបូង និងការចង្អុលបង្ហាញតាំងពីឆ្នាំ២០០៨ របស់សម្តេច វិបុល បញ្ញា សុខ អាន នៅពេលដែលសម្តេចបានឃើញព្រះវិហារចាស់ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

លោកបានគូសបញ្ជាក់ថា សំណង់ព្រះវិហារដ៏ធំស្កឹមស្កៃនិងថ្មីស្រឡាង ព្រមទាំងសមិទ្ធផលផ្សេងទៀតនៅវត្តគិរីគង្គា (ហៅវត្តបួរ) គឺជានិមិត្តរូបនៃការរួបរួមកម្លាំងសាមគ្គី ការលះបង់ដ៏ធំធេងទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលរួមគ្នា បន្តពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។

លោក សុខ សូកាន ក៏បានលើកឡើងបន្ថែមថាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវកត្តាសត្យានុម័តចំនួន៣ទី១៖ គឺបានបង្ហាញអំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលផ្តល់សិទ្ធិយ៉ាងទូលាយ ជូនប្រជាជន ក្នុងការប្រតិបត្តិសាសនា និងធ្វើឱ្យមានសុខដុមនីយកម្មសាសនាពេញផ្ទៃប្រទេស, ទី២៖ គឺបានបង្ហាញឱ្យឃើញអំពីការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ និងទី៣៖ គឺបង្ហាញអំពីទំនាក់ទំនងជាប់មិនដាច់រវាង ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ក្នុងន័យនេះគឺមានតែការដឹកនាំផ្នែកអាណាចក្រឱ្យបានត្រឹមត្រូវប្រកបដោយសន្តិភាព សន្ដិសុខ និងការរីកចម្រើននោះទេ ទើបធ្វើឱ្យផ្នែកពុទ្ធចក្រមានការអភិវឌ្ឍនិងរីកចម្រើនថ្កុំថ្កើនទៅមុខជាមួយគ្នា។

លោកក៏បានរំលឹកអំពីដំណាក់កាលប្រវត្តិសាស្ត្រចុងក្រោយរបស់កម្ពុជា ក្នុងដំណាក់កាលសង្គ្រោះ និងការការពារការរស់ឡើងវិញរបស់ប្រជាជាតិ ដំណាក់កាលស្តារនិងកសាងមាតុភូមិឡើងវិញ រហូតធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងប្រដាប់អាវុធតែមួយ តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាស្ថាបនិកមគ្គុទ្ទេសក៏ឯក ប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដោយបានរំលាយនូវអង្គការចាត់តាំងនយោបាយនិងយោធា ប៉ុល ពត ហើយបាននាំមកនូវសន្តិភាព ការឯកភាពទឹកដីពេញលេញ ពេញផ្ទៃប្រទេស ដែលនេះជាកិច្ចការអច្ឆរិយៈសម្រាប់ព្រះរាជាណាចក្រកម្ពុជាផង និងសម្រាប់ជាការដកពិសោធន៍ពីបណ្ដាប្រទេសដទៃផង។ តាមរយៈមូលដ្ឋានគ្រឹះនៃសន្តិភាពពេញលេញ ពេញផ្ទៃប្រទេសនេះ បានបង្កលក្ខណៈឱ្យមានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ជាពិសេសចុងក្រោយនេះ កិត្យានុភាពជាតិកាន់តែលើកកម្ពស់លើឆាកអន្តរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក១២ ដ៏អស្ចារ្យ។

លោក សុខ សូកាន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋស្រុកគិរីវង់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រមកលើរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពនានា ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជួយឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងលឿន និងស្ថិតក្នុងចំណោមប្រទេសដែលបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញបានមុនគេ រហូតធ្វើឱ្យសេដ្ឋកិច្ច   កម្ពុជាងើបឡើងវិញយ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ១៩។

លោកក៏បានអំពាវនាវដល់ប្រជាជនស្រុកគិរីវង់ទាំងអស់ ដែលមានវត្តមាននៅទីនេះ និងដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នាកុំបីខាកខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន ហើយជ្រើសរើសមេដឹកនាំដែលរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យឈានឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពប្រកបដោយចីរភាព៕