(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី រួមទាំងក្រុមការងារ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ​ បានអញ្ជើញបិទវគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន នៅដូនឡម ស្ថិតនៅឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានតាជី យាយជី ព្រះសង្ឃចូលរួមចំនួន ១២០អង្គ/នាក់ និងបានចែកអំណោយជូនជនចាស់ជរា ងាយរងគ្រោះចំនួន២៧គ្រួសារផងដែរ។

លើកឡើងនាឱកាសនោះ លោក ហាស់ វ៉ារី ក៏បានចូលរួមអបអរសាទរចំពោះអ្នកសិក្សាបតិបត្តិចំនួន ១២៥អង្គ/នាក់ ដែលបានចូលរួមវគ្គសិក្សានេះ និងទទួលបាននូវពុទ្ធិ និងចំណេះដឹងបន្ថែមទៀត ក្នុងការពង្រឹងបញ្ញា ស្មារតី និងការអប់រំផ្លូវចិត្តតាមធម៌វិន័យ។ ពិធីបុណ្យសមាទានធុតង្គ និងបតិបត្តិសមាធិវិប្សនាកម្មដ្ឋាននេះ គឺជាបុណ្យដ៏ប្រពៃ(កម្របានធ្វើ) និងជាគុណធម៌ដ៏ឧត្តមនាំមកនូវសន្តិភាពផ្លូវចិត្តដល់មនុស្សជាតិ និងសង្គមទាំងមូល។

ពិធីបុណ្យនេះក្នុងកាលកន្លងទៅប្រមាណជាង២៥៦៦ឆ្នាំមុន ព្រះពុទ្ធបរមគ្រូនៃយើងបានអនុវត្តដោយផ្ទាល់ព្រះអង្គ និងបានបង្រៀនភិក្ខុសង្ឃជាពុទ្ធបរិស័ទឲ្យប្រតិបត្តិរហូតទទួលបានជោគជ័យគឺសម្រេចធម៌ជាន់ខ្ពស់ មានសោតារហូតសម្រេចបានដល់ព្រះអរហន្ត។ ព្រះពុទ្ធបរមគ្រូទ្រង់ធ្លាប់ពោលថា បតិបត្តិបូជា គឺជាការបូជាដ៏ឧត្តមប្រសើរលើសការបូជាទាំងពួងនៅក្នុងលោក។ នៅក្នុងខ្លឹមសារនេះគុណតម្លៃនៃការគោរព ប្រសិនបើព្រះធម៌វិន័យអស់អ្នកគោរព គ្មានអ្នកបតិបត្តិធ្វើតាមនូវព្រះពុទ្ធ ឱវាទទេនោះ ព្រះពុទ្ធសាសនាក៏ឈ្មោះថា អន្តរធានសាបសូន្យទៅតាមហ្នឹងដែរ។

លោក ហាស់ វ៉ារី បានបន្ថែមថា នាពេលបច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានខិតខំលើកកំពស់ ពង្រឹងនិងពង្រីកនូវការកសាងវត្តអារាម មានកុដិ ឧបដ្ឋានសាលា ព្រះវិហារ ។ យើងអាចនិយាយបានថាការរីកចម្រើនផ្នែកសម្ភារៈ ព្រោះអាស្រ័យដោយប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកផ្នែកសីលធម៌សង្គម គឺជារឿងមួយដែលព្រះសង្ឃគ្រប់ព្រះអង្គដើរតួជាគំរូយ៉ាងសំខាន់ ពិសេសស្ថាប័នព្រះពុទ្ធសាសនា គឺជាគំរូល្អផ្នែកសីលធម៌ ចរិយាធម៌ និងជួយអប់រំផ្នែកសីលធម៌ ទឹកចិត្តកតញ្ញូជួយហាមឃាត់អំពើព្រៃផ្សៃផ្សេងៗក្នុងសង្គម។

ព្រះពុទ្ធសាសនាបានសាបព្រួសបណ្តុះអប់រំជួយប្រៀនប្រដៅប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យតាំងនៅក្នុងគន្លងសីលធម៌ល្អ ព្រោះហេតុនេះ គុណតម្លៃនៃព្រះពុទ្ធសាសនា មិនមែននៅត្រង់ចំណុចកុដិធំ វិហារធំ ឧបដ្ឋានសាលាធំ វត្តអារាមមានដីធំនោះទេ តម្លៃរបស់ព្រះពុទ្ធសាសនាគឺស្ថិតនៅត្រង់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ មានចំណេះដឹង មានសទ្ធាជ្រះថ្លា ក្នុងការគោរពប្រតិបត្តិ និងជួយបង្ហាត់បង្រៀនប្រជាពលរដ្ឋឱ្យតាំងនូវក្នុងអំពើល្អ ជៀសផុតអំពើអបាយមុខផ្សេងៗ។

ជាមួយគ្នានោះតាមរយៈភាពរីកចំរើននាពេលបច្ចុប្បន្ននេះ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ លោក ហាស់ វ៉ារី ក៏បានថ្លែងអរគុណសន្តិភាព! និងបានអះអាងថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យ ធ្វើកុសល សាងសេចក្តីល្អ លាងជម្រះសម្អាតផ្លូវចិត្តបានស្អាតល្អផូរផង់ លុបបំបាត់ចោលនូវគំនំគុំគួន ការព្យាបាទគ្នា តាមមាគ៌ាសន្តិភាពផ្លូវចិត្ត ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់បង្ហាញផ្លូវដល់យើងទុកគោរពប្រតិបត្តិ។

ព្រះពុទ្ធសម្តែងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ភាគច្រើនគឺជាពុទ្ធសាសនិកជន តែងតែទំនុកបម្រុងព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើកុសលជាប្រចាំ ទាំងអាណាចក្រ និងពុទ្ធចក្រ។ គណបក្សប្រជាជនកម្ពុជាខិតខំកសាង និងបង្រួបបង្រួមប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន រហូតធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃ។

ជាមួយគ្នានោះ លោក ហាស់ វ៉ារី បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអ្នកបន្តរវេនរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃអនាគត (លោក ហ៊ុន ម៉ាណែត) ដែលតែងតែកសាង និងដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងរីកចម្រើនលូតលាស់លើគ្រប់វិស័យផងដែរ៕