(ភ្នំពេញ)៖ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការរស់នៅខុសច្បាប់ របស់ជនជាតិវៀតណាម ដែលកំពុងរស់នៅគ្មានលិខិតឆ្លងដែន តាមបន្ទប់ផ្ទះជួល ស្ថិតនៅ ភូមិកណ្តាល ក្រុម៥ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយ មានការសម្របសម្រួលពីព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ។ ក្នុងនោះសមត្ថកិច្ចបានរកឃើញ ជនជាតិវៀតណាមចំនួន ៥១នាក់ ស្រី១៦នាក់ ។
ជាមួយគ្នានេះដែរ ខណៈកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យនេះដែរ បានរកឃើញកាំភ្លើង មួយដើម និងថ្នាំញៀន ជាច្រើនកញ្ចប់ផងដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕