(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ រួមជាមួយសហការីបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងពិធីបុណ្យឡើងអ្នកតាមេ-ស នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នាទីលានបាល់ទាត់ស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកបាភ្នំ ក្រុមការងារចុះជួយឃុំទាំង៩ និងសមាជិកគណបក្សស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋសរុបមានអ្នកចូលរួមជាង ១០០០នាក់។

ថ្លែងទៅកាន់អង្គពិធីបុណ្យឡើងអ្នកតាមេ-សឆ្នាំនេះ លោក ព្រុំ សុខា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋស្រុកបាភ្នំដែលបានរក្សាកេរតំណែលដូនតានៃពិធីបុណ្យប្រពៃណីយូរអង្វែងរបស់ស្រុកភូមិរបស់ខ្លួន ដោយចាត់ទុកថានេះជាការរួមចំណែកអភិរក្ស តម្លៃវប្បធម៌ដ៏ផូរផង់របស់ស្រុកបាភ្នំនិងរបស់ប្រទេសជាតិយើង។ ជាងនេះទៅទៀត លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋស្រុក បាភ្នំទាំងមូល ដែលបានគាំទ្រយ៉ាងរឹងមាំដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខចំពោះរាល់កិច្ចការទាំងអស់ដើម្បីរក្សាសុខសន្តិភាព និងវឌ្ឍនភាព នាំមកនូវវិបុលភាពសម្រាប់សង្គមជាតិកម្ពុជាជាដរាបរៀងមក ។

លោករដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃណាស់សម្រាប់យើងទាំងអស់គ្នា បើប្រទេសគ្មានសន្តិភាព ពិធីបុណ្យឡើងអ្នកតាមេ-ស នៅថ្ងៃនេះមិនអាចកើតឡើងបានឡើយ ហេតុនេះពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាពដែលរកបានដោយលំបាកនេះ ព្រោះប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាក្នុងអតីតកាលបានបង្ហាញច្បាស់ថាសង្រ្គាមបានបំផ្លាញគ្រប់យ៉ាងទាំងអាយុជិវិតមនុស្ស ទាំងភោគសម្បត្តិជាតិ ធម្មជាតិ សាសនា រួមទាំងវប្បធម៌ផង។ល។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អ្នកដែលនាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាពជូនប្រជាពលរដ្ឋកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហេតុនេះយើងទាំងអស់គ្នានឹងទៅចូលរួមបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថាបុណ្យឡើងអ្នកតាមេ-ស នៅស្រុកបាភ្នំឆ្នាំនេះ ត្រូវបានប្រារព្ធរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ដល់ថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣៕