(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៉ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកឧកញ៉ា អែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស «ខ៦» ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ និងលោក ពូន វណ្ណា និងអាជ្ញាធរស្រុកស្រីសន្ធរ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី រួមមាន៖ សារ៉ុង ប្រហុក និងថវិកាចំនួន ១,៥០០ដុល្លារ ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៤៤១គ្រួសារ ក្នុងភូមិខ្ទឹង ឃុំទងត្រឡាច។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈលោកឧកញ៉ា ឡូវ ហ៉ឺង បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឱ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជា៖ ផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ ឈឺស្លាប់ និងចូលរួមដោះស្រាយការងាររបស់ប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច ផងដែរ។

លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្តិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបដ៏ឃោរឃៅ ខ្មៅងងឹងត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀងប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

លោកឧកញ៉ា ឡូវ ហ៉ឺង ក៏បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិខ្ទឹង ក្នុងគ្រួសារៗទទួលបានសារ៉ុង១ និងប្រហុក១គីឡូ និងឧបត្ថម្ភការដាក់លូ ក្នុងភូមិខ្ទឹង, ឧបត្ថម្ភជនពិការដាក់ជើងដែក, ឧបត្ថម្ភសីម៉ងត៍ ៣តោនសាងសង់សាលឆទាន, ឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់, ឧបត្ថម្ភប្រជាការពារ ឧបត្ថម្ភកម្មវិធី សរុបថវិកាចំនួន ១.៥០០ដុល្លារ៕