(ភ្នំពេញ)៖ ឆ្លើយតបនឹងចម្ងល់របស់អ្នកលេង Facebook ម្នាក់ ឈ្មោះថា «ព្រះភិក្ខុចន្ទត្ថេរោ ហួតស៊ីវត្ថា» ដែលបាន Comment ក្នុង Facebook Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សួរថា ប្រាក់ពិន័យដែលនគរបាលចរាចរណ៍ ត្រូវយកចូលរដ្ឋទាំងអស់ ឬយ៉ាងណា? អគ្គស្នងការនគរបាលជាតិ បានឆ្លើយតបភ្លាមៗ និងបញ្ជាក់យ៉ាងក្បោះក្បាយ ពាក់ព័ន្ធការបែងចែកប្រាក់ពិន័យនេះ។
អគ្គស្នងការនគរបាលជាតិ បាន Comment ឆ្លើយតបចំពោះសំណួរ ម្ចាស់គណនី «ព្រះភិក្ខុចន្ទត្ថេរោ ហួតស៊ីវុត្ថា» ដោយបានលើកយកនូវការបំភ្លឺបញ្ជាក់របស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដូចខាងក្រោមនេះ៖
១-អនុលោមតាមប្រកាសអន្តរក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ១១៨៧០ប្រកចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានបែងចែកប្រាក់ពិន័យចរាចរណ៍ដូចទៅ៖
- បង់ចូលថវិកាជាតិ៤%
- ផ្តល់ជូនមន្រ្តី្តនគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ច ៧០%
- ផ្តល់ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក រាជធានីខេត្ត ៩%
- ផ្តល់ជូនផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នគរបាលក្រុងស្រុកខណ្ឌ ៥%
- ផ្តល់ជូននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ ១០%
- ផ្តល់ជូនអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ១%
- ផ្តល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ១%
២-ការបែងចែកប្រាក់រង្វាន់ជូនមន្រ្តី ត្រូវបានបើកផ្តល់តាមប្រព័ន្ធធនាគារ តាមគោលការសមធម៌ និងផ្អែកលើគុណ សម្បត្តិការងារ។ ការបើកផ្តល់ប្រាក់ រង្វាន់អង្គភាពបានបើកតាមប្រព័ន្ធធនាគារ និងប្រើប្រាស់ពង្រឹងយន្តការ ការងារនិងឧបត្ថម្ភមន្រ្តី្ត ។ ការបើកផ្តល់ បានអនុវត្តតាមនីតិវិធីហិរញ្ញវត្ថុ និងមានឯកសារជាក់លាក់។
៣-ក្នុងរយៈពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាដល់អគ្គនាយកដ្ឋានសវនកម្ម ឲ្យធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីពង្រឹការអនុវត្តឲ្យមានតម្លាភាពនិងប្រសិទ្ធភាព និងលុបបំបាត់ភាពអសកម្ម៕