(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា គេមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែត្រូវអតីតកាលជាបទពិសោធន៍ សម្រាប់បច្ចុប្បន្នកាល និងទៅអនាគត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ។

ការលើកឡើងរឿងអតីតកាល ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់នៅពេលនេះ, សម្ដេចតេជោ ហ៊ុន សែន ចង់ទាញចំណាប់អារម្មណ៍ឲ្យមន្ដ្រីទាំងអស់ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដោយមិនត្រូវនៅត្រឹងមួយកន្លែងនោះទេ ពិសេសដំណាក់កាលសេដ្ឋកិច្ចឌីជីថល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពិតមែនហើយ អតីតកាលយើងមិនអាចធ្វើអ្វីកើតនោះទេ ប៉ុន្ដែអតីតកាលផ្ដល់នូវបទពិសោធន៍ឲ្យយើងសម្រាប់តម្រង់ផ្លូវ សម្រាប់បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រឹស្ដីមួយចំនួនបាននិយាយថា បើនិយាយពីអតីតកាល គឺមិនអាចបង្វិលបាន ដោយគ្មានអ្នកណាទៅផ្លាស់ប្ដូររឿងអតីតកាលបានទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បទពិសោធន៍ដែលត្រូវចង់ចាំរបស់អតីតកាល ទាំងការជឿនលឿននៅពេលនោះ និងទាំងការដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម តើបណ្ដាលមកពីអ្វី?។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំឲ្យកត់សម្គាល់ដកស្រង់បទពិសោធន៍របស់ព្រះបរមរតនកោដ្ឋ ក្នុងទស្សវត្ស៦០ ដែលព្រះអង្គបានកសាងសមិទ្ធផលច្រើនណាស់ សូម្បីតែពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រើប្រាស់ឲ្យការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា អំណេះតទៅត្រូវតែខិតខំរួមគ្នា ដើម្បីឲ្យកម្ពុជាឆ្ពោះទៅមុខកាន់តែរីកចម្រើន។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកទៀតថា បច្ចុប្បន្ននេះសភាពការណ៍ពិភពលោកដើរលឿនណាស់ ក្នុងនោះមានទាំងបច្ចេកវិទ្យាជាដើម ដូច្នេះតម្រូវឲ្យយើងរៀនសូត្រជាប្រចាំ ប្រសិនបើនៅត្រឹងច្បាស់ជានឹងក្លាយជាជនអភិរក្សនិយមដ៏គួរឲ្យខ្លាច។ បញ្ហានេះមិនមែនចង្អុលបង្ហាញតែលើនិស្សិតនោះទេ ពោលមេដឹកនាំក៏ដូចគ្នា ប្រសិនបើមិនព្រមរៀនសូត្រ មិនស្វែងយល់ គឺនឹងក្លាយជាឧបសគ្គរារាំងនូវការជឿនលឿនរបស់អ្នកជំនាន់ក្រោយ ដែលប្រៀបដូចជាដុំថ្មដុះសង្កត់លើពន្លក ដូច្នេះគ្រប់តួអង្គត្រូវរៀនពេញមួយជីវិត៕