(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម សូមឱ្យបញ្ឈប់ការជជែកវែកញែកគ្នាលើបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» របស់តារាចម្រៀង មាស សុខសោភា តទៅទៀត ព្រោះនាងបានទទួលកំហុស និងសុំការអភ័យទោស ព្រមទាំងលុបចោលនៅបទចម្រៀងនេះរួចទៅហើយ។

ការអំពាវនាវនេះ បន្ទាប់ពីសម្តេចបានឃើញការបញ្ចេញមតិ (Comments) របស់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលចង់ឲ្យមានការចាត់ការតាមផ្លូវច្បាប់ លើតារាចម្រៀង មាស សុខសោភា។

សម្តេចតេជោបញ្ជាក់ថា តាមការឱ្យដឹង ការនិពន្ធផលិតបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» ដោយសារអ្នកនាង មាស សុខសោភា ជឿតាមតាបស់សក់សម្នាក់ នៅខេត្តព្រះវិហារ ។

សម្តេចចាត់ទុកក្រុមជំនួយការ និងអ្នកដែលនិពន្ធបទចម្រៀងនេះឱ្យតារាចម្រៀង មាស សុខសោភា ពិតជាខ្សោយខ្លាំងណាស់ ដោយសម្តេចលើកឡើងសូម្បីករណីដាក់ចំណងជើងបទចម្រៀង ពាក្យ «មរណភាព» ប្រើសម្រាប់មនុស្សធម្មតា ចំពោះក្សត្រត្រូវប្រើរាជស័ព្ទ គឺ «ការសោយទិវង្គត»។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងដូច្នេះថា «ខ្ញុំអំពាវនាវសុំឱ្យអ្នកលេងបណ្តាញសង្គម សុំបញ្ឈប់ភ្លាម កុំបន្តជជែកលើបទចម្រៀង "មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧" ព្រោះបើមិនដូច្នេះនៅជារឿងរុញឱ្យខ្លោច រោលឱ្យឆៅ។ ខ្ញុំចូលទៅមើលក្នុង Facebook មួយ គឺរបស់អ្នកនាង មាស សុខសោភា ដែលគាត់ភ្ជាប់នូវការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការផ្តល់មតិ (Comments) ថាគួរតែចាត់ការលើផ្លូវច្បាប់។ ខ្ញុំសុំអង្វរក គ្នាបានជាជ្រុលជ្រួសទៅហើយ ហើយគ្នាក៏បានសុំទោស គ្នាក៏បានដកចេញ ឥឡូវតើត្រូវចាំបាច់ត្រូវធ្វើរឿងនេះ ឲ្យបន្ថែមលើរឿងទេ កុំរុញឱ្យខ្លោច កុំរោលឱ្យឆៅ ស្ងប់ស្ងៀមទៅ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនដែលមានវីដេអូចម្រៀង «មរណភាព ព្រះស្វាមី ជ័យវរ្ម័ន៧» សុំក៏យកទៅចាក់ផ្សាយ ឬចែកចាយបន្តទៅទៀត គឺលុបចោលទៅកុំឱ្យនៅសេសសល់។ សម្តេចតេជោក៏បានអរគុណដល់តារាចម្រៀង មាស សុខសោភា ដែលបានធ្វើការសុំទោស និងបានលុបចោលទាំងអស់ នូវបទចម្រៀងនេះ។

សូមជម្រាបថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះវីដេអូចម្រៀងថ្មីរបស់នាង មានចំណងជើងថា «មរណភាព ព្រះស្វាមី ជ័យវរ្ម័ន៧» តាម Facebook និង Youtube នាំឱ្យមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាជនជាច្រើន។ បន្ទាប់ពីមានប្រតិកម្មខ្លាំង តារាចម្រៀងរូបនេះ ក៏បានធ្វើការសុំទោសជាសាធារណៈ និងលុបចោលទាំងអស់ នូវបទចម្រៀងនេះ៕