(ព្រៃវែង)៖ លោកបណ្ឌិត ស្ដើង សុខុម បានគួសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានគុណបំណាច់ និងគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមេគ្រួសារបក្សជិត៣,០០០នាក់ នៅឃុំស្មោងត្បូង និងឃុំស៊ាងឃ្វាង នៃស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីជម្រាបជូនពីដំណើរការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារ លោកបណ្ឌិត ស្ដើង សុខុម បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ជាពិសេសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជាជូនចំពោះប្រជាពលរដ្ឋទាំងពីរឃុំ។
ថ្លែងទៅកាន់មេគ្រួសារបក្សទាំងអស់ លោកបណ្ឌិត ស្ដើង សុខុម បានគួសបញ្ជាក់ថា តាំងពីចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនជាប់ជានិច្ច ដោយរួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គជាមួយប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជន។
រយៈពេល ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ រហូតសម្រេចបានសមិទ្ធិជាប្រវត្តិសាស្ត្រ។ បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍឥតឈប់ឈរ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។
លោក ស្តើង សុខុម បានបញ្ជាក់បែបនេះ «គណបក្សប្រជាជនកម្ពុជា មាននូវគុណបំណាច់ច្រើនរាប់មិនអស់ចំពោះជាតិ។ ក្នុងនោះ គុណបំណាច់នៃការសង្គ្រោះជីវិតប្រជាជនពីមាត់រណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍, ការដឹកនាំប្រទេសឱ្យមានភាពចម្រើន, ការកសាងប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា, ការកសាងមោទនភាពជាតិ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ គឺជាអ្វីដែលយើងគ្រប់គ្នាបានឃើញជាក់ស្ដែង និងមិនអាចប្រកែកបានឡើយ»។
លោកបណ្ឌិតបញ្ជាក់ថា ស្នាដៃ គុណបំណាច់ និងសច្ចភាពទាំងអស់នេះ អាចបញ្ជាក់បានថា គណបក្សប្រជាជនមានគុណសម្បត្តិរឹងមាំ ដើម្បីធានាឱ្យដំណើការប្រជាធិបតេយ្យនៅកម្ពុជាកាត់តែរឹងមំា កាន់តែមានការអភិវឌ្ឍធំធេង និងឆាប់រហ័សដោយឈរ លើមូលដ្ឋានធំៗជាច្រើនដែលគណបក្សមាន៖ ទី១. មានគោលនយោបាយ ដើម្បី ប្រជាជន និងឧត្តមគតិជាតិជាធំ, ទី២. មានរចនាសម្ព័ន្ធចាត់តាំងដឹកនាំរឹងមាំពីថ្នាក់កណ្ដាលរហូតដល់មូលដ្ឋាន និងមានសមាជិកគាំទ្រច្រើន, ទី៣. មានកម្មវិធីនយោបាយក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍច្បាស់លាស់, ទី៤. មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសគ្រប់កាលៈទេសៈ, ទី៥. មានស្នាដៃ សមិទ្ធិផល និងភាពជាអ្នកដឹកនាំជាសក្ខីភាពជាក់ស្ដែង, ទី៦. សម្បូរធនធាន ជាពិសេសធនធានមនុស្សសម្រាប់ដឹកនាំប្រទេសទាំងក្នុងបច្ចុប្បន្ន និងបន្តវេណនាពេលអនា គត និងទី៧. មានទំនាក់ទំនងអន្តរជាតិល្អ ដែលនឹងជួយឱ្យធានាបានសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់វិស័យ។
លោកបណ្ឌិត ស្ដើង សុខុម ជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ និងគុណសម្បត្តិរឹងមាំ ដើម្បីធានាដំណើរការប្រជាធិបតេយ្យ និង ការអភិវឌ្ឍកម្ពុជាយ៉ាងពិតប្រាកដ។
ជាមួយគ្នានោះ លោកបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នកុំជឿលើការសន្យាខ្យល់របស់ពួកអ្នកនយោបាយបោកប្រាស់ ព្រោះរដូវសន្យាខ្យល់បានចាប់ផ្ដើមទៀតហើយ ហើយប្រជាពលរដ្ឋក៏បានជួបជាច្រើនដងរួចមកហើយដែរ។
ទោះបីជាយ៉ាងណា លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបោះឆ្នោតទាំងអស់ សូមទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៨ ចុងក្រោយគេបង្អស់នៃសន្លឹកឆ្នោតងាយស្រួលក្នុងការចំណាំ។
បន្ទាប់ពីបានចូលរួមក្នុងពិធីសំណេះសំណាលខាងលើហើយនោះ បានធ្វើឱ្យប្រជាពលរដ្ឋជាមេគ្រួសារបក្សទាំងជិត ៣,០០០នាក់កាន់តែយល់ច្បាស់ពីគុណបំណាច់ និងគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ដែលជាទីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកបណ្ឌិតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ ក៏បានប្រគល់ជូននូវអំណោយចំពោះមេគ្រួសារបក្សម្នាក់ៗទទួលបានសារ៉ុងមួយ និងថវិកាចំនួន ២០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ស្ដើង សុខុម ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលដំណើរការសាងសង់អគារសិក្សា១ខ្នងនៅសាលាបឋមសិក្សាព្រៃភ្លង ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបងផងដែរ៕