(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកត្បែងមានជ័យ ស្រុករវៀង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន៤ឃុំ នៃស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ។​​​​

កម្មវិធីនេះ បានធ្វើឡើងស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះឃ្លាំង ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្រោមវត្តមានលោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងនាមក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារ និងក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត ប្រជាពលរដ្ឋទាំង៤ឃុំក្នុងខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ ទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងលោក គីម រិទ្ធី ដែលផ្តួចផ្តើមគំនិតនិងផ្តល់អំណោយដ៏ថ្លៃថ្លានេះ ជូនប្រជាពលរដ្ឋទាំង៤ឃុំ សម្រាប់កម្មវិធីមនុស្សធម៌នេះ។

លោក គួង ឡូ បានថ្លែងឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារ បង្កើតឡើងនៅដើមឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងរូបលោកផ្ទាល់ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារ ដែលមានសមាជិកសរុបចំនួន២៥០នាក់ ដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាន និងឆ្មប បម្រើការងារតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជននានាក្នុងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងឱ្យដឹងទៀតថា នៅថ្ងៃនេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារចំនួន១៥០នាក់ នឹងផ្តល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លែ ដោយមានសេវាសំខាន់ៗទាំងអស់ចំនួន១១រួមមាន៖

១៖ សេវា ពិនិត្យ ព្យាបាលជំងឺទូទៅ
២៖ សេវា ពិនិត្យ ដោយអេកូសាស្ត្រ
៣៖ សេវា វៈកាត់តូច
៤៖ សេវា ពិនិត្យ និងព្យាបាលជំងឺកុមារ
៥៖ សេវា ពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម
៦៖ សេវា ពិនិត្យ និងព្យាបាលជំងឺផ្លុវចិត្ត
៧៖ សេវា ពិនិត្យ និងព្យាបាលជំងឺច្រមុះ ត្រចៀក និងបំពង់ករ
៨៖ សេវា ពិនិត្យ ព្យាបាល មាត់ ធ្មេញ
៩៖ សេវា ពិនិត្យ និងព្យាបាលផ្នែកសម្ភបនិងរោគស្ត្រី
១០៖ សេវា ពិនិត្យ ព្យាបាលជំងឺភ្នែក
១១៖ សេវា ចាក់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំង១១មុខសម្រាប់កុមារមានអាយុក្រោម៥ឆ្នាំ៕