(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីជំនាញ កំពុងស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីដែលបុគ្គលមួយចំនួនធ្វើឱ្យសត្វស្វាមានរបួសរហូតចេញឈាម ហើយថតផលិតជាវីដេអូ បង្ហោះលើបណ្តាញសង្គម You Tube ដើម្បីទាញចំណាប់អារម្មណ៍អ្នកទស្សនា ក្នុងចេតនាទទួលបានថវិកាពីវិស័យនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា៖ «នៅខេត្តសៀមរាបនេះ ក៏មានការប្តឹងពីបងប្អូនមួយចំនួនដែលពេលខ្លះគាត់ថត You Tube ជាពិសេសសត្វស្វានៅតំបន់អង្គរ ជូនកាលគាត់ធ្វើឱ្យសត្វស្វាហ្នឹង របួសមានស្លាកស្នាម ហើយគាត់ថតដាក់ You Tube ដើម្បីស្វែងរក ការគាំទ្រនូវថវិកាមួយចំនួនពីអ្នកនាក់ដែលស្រឡាញ់សត្វ ហើយជាពិសេសភ្ញៀវទេសចរដែលមកទស្សនានៅក្នុងប្រទេសយើង ដែលអាចចាប់អារម្មណ៍ឃើញសត្វស្វា»

ជុំវិញករណីនេះ ត្រូវបានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់សត្វស្វាដែលឃើញតាមសកម្មភាពវីដេអូ លើបណ្តាញសង្គម You Tube ត្រូវបានស្រាវជ្រាវរកឃើញនៅកម្ពុជា ដែលត្រូវបានមនុស្សជាអ្នកធ្វើទារុណកម្ម ឱ្យមានរបួសស្នាម ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍អ្នកតាមដាន ហើយចំណុចនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាប់អារម្មណ៍។

ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមខេត្តសៀមរាប នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយស្ថានទូតមួយចំនួន ជាពិសេសនៅកូរ៉េខាងត្បូង យើងបានទទួលនូវ Complane របស់ប្រជាជនដែលជាភ្ញៀវទេសចរគាត់លើកឡើង លើបញ្ហាទាំងអស់ហ្នឹង ដែលកំពុងតាមដានករណីទាំងអស់នេះ»

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាសត្វព្រៃ និងធនធានធម្មជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើបានចេញនូវសេចក្តីជូនដំណឹង និងការការព្រមានទៅដល់ម្ចាស់ហាងលក់វត្ថុអនុស្សារីយ៍នានា ឱ្យបញ្ឈប់ការលក់ដូរវត្ថុអនុស្សាវរីយ៍ដែលធ្វើពីសំណាកសត្វព្រៃ ក៏ដូចជាលួចបង្កប់សំណាកសត្វព្រៃផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មានហាងលក់វត្ថុអនុស្សាវរីយ៍ ប្រមាណ ៦០ទីតាំង ស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ត្រូវបានទទួលនូវសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ក្នុងការបញ្ឈប់ការលក់ដុរវត្ថុអនុស្សាវរីយ៍ ដែលធ្វើចេញពីសំណាកសត្វព្រៃខុសច្បាប់។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បទល្មើសជួញដូរសត្វព្រៃ​ខុសច្បាប់ពាក់ព័ន្ធនឹងការយកភ្លុកដំរីយកទៅ​ច្នៃ​ធ្វើ​ជាវត្ថុ​អនុស្សាវរីយ៍ កន្លងទៅក្រសួង​បរិស្ថាន និងអាជ្ញាធរ​ពាក់ព័ន្ធ​បានចុះបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ និងបានរឹបអូសវត្ថុតាងបញ្ជូនទៅតុលាការ។ ជនល្មើសដែលប្រព្រឹត្តបទល្មើសសត្វព្រៃ​យកទៅកែច្នៃជាវត្ថុអនុស្សាវរីយ៍នេះត្រូវបានតុលាការបង្កក និងរឹបអូសទ្រព្យសម្បត្តិដែលពួកគេទទួលបានមកពីការសម្អាតប្រាក់ផងដែរ៕