(ភ្នំពេញ)៖ វិទ្យាស្តានចក្ខុវិស័យអាស៊ី (AVI) បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅលើនាវាដោយ ធ្វើដំណើរតាមដងទន្លេមេគង្គ ជូនដល់អ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែង គោលនយោបាយ និងមន្ត្រីរាជការ មកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីអនុញ្ញាតឱ្យសិក្ខាកាមទាំងនោះអាចធ្វើការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងស្វែងយល់ពីសហគមន៍ និងវប្បធម៌ខ្មែរ។

វគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅលើនាវានេះ ធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលតាមនាវានេះ ជាផ្នែកមួយនៃគម្រោង «នាវានៃសន្តិភាពមេគង្គ-ឡានឆាង» ដែលទទួលបានជំនួយឧបត្ថម្ភពីមូលនិធិ ពិសេសនៃកិច្ចសំឡីប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ ដើម្បីលើកកម្ពស់កិច្ចសន្ទនាគោលនយោបាយ ការកសាងសមត្ថភាព និងកិច្ចសហ ប្រតបត្តិការតំបន់ ក្នុងចំណោមយុវជននៅក្នុងតំបន់ទន្លេមេគង្គ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

វគ្គបណ្តុះបណ្តាលតាមនាវានេះ ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC), លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFA.IC) អនុប្រធានលេខាធិការដ្ឋានជាតិ កម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធី និងតាមដានការអនុវត្តគម្រោងកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង, និងលោក ឆាង ចៀន អនុប្រធាន បេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕