(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ កឺត រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់៥,៣៣ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា CBR150 ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកOPPO ពណ៌ខ្មៅ), និងកូនកាបូបពណ៌ខ្មៅ ចំនួន០១។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ពេលបង្រា្កបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចែកចាយគ្រឿងញៀននៅចំណុចខាងលើ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើប្រតិបត្តិការដល់ចំណុចផ្លូវលំស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ដោយមានការសង្ស័យ កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យរកឃើញមានគ្រឿងញៀន ក៏បាននាំខ្លួន រួមនឹងវត្ថុតាង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនិងសួរនាំ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕