(កណ្តាល)៖ លោក ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំដំណាក់អំពិល នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រកាសតែងតាំងសកម្មជនយុវជនឃុំ ភូមិ សាលារៀន មណ្ឌលសុខភាព និងសកម្មជនយុវជនប្រតិកម្មរហ័សគណបក្សប្រជាជនកម្ពុជាឃុំដំណាក់អំពិលសរុបចំនួន២១៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ប្រាក់ ចំរើន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះក្រុមសកម្មជនយុវជនដែលមានវត្តមាននៅក្នុងពិធីនេះ។

លោក ប្រាក់ ចំរើន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម។  

ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់សកម្មជនទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នាទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ហើយក្នុងនាមក្មួយៗទាំងអស់ជាសកម្មជនរបស់គណបក្ស ត្រូវខិតខំផ្សព្វផ្សាយនិងពន្យល់អំពីសមិទ្ធផលដ៏ធំធេងទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំ ហើយត្រូវធ្វើយ៉ាងណាខិតខំអនុវត្ត និងផ្សព្វផ្សាយរាល់គោលនយោបាយនានាដែលថ្នាក់ដឹកនាំគណបក្សបានដាក់ចេញ និងធ្វើជាគម្រូដល់បងប្អូនប្រជាពលរដ្ឋ អោយពួកគាត់បានមើលឃើញ និងមានសេចក្តីទុកចិត្តចំពោះគោលនយោបាយទាំងអស់នោះ។ ជាងនេះទៀតត្រូវពន្យដល់បងប្អូនប្រជាពលរដ្ឋ កុំជឿតាមពាក្យភូតភរ ញុះញង់របស់ជនអគតិមួយចំនួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ក៏ដូចជាប្រទេសជាតិទាំងមូល។ ហើយឲ្យពួកគាត់ជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គរាប់សែនជំពូក ហើយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេសជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ជាប្រ ទេសងើបចេញពីជំងឺកូវីដ-១៩លឿនជាងគេ នឹងស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស បើកដំណើរការពេញលេញទាំងសង្គម-សេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ព្រមជាមួយគ្នានេះ ការលើកកម្ពស់មុខមាត់ប្រទេសដ៏ធំសម្បើមតាមរយៈការរៀបចំជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍ស៊ីហ្គែមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ដែលធ្វើឲ្យប្រ ទេសកម្ពុជាកាន់តែមានមុខមាត់លើកឆាកអន្តរជាតិ និងតំបន់ផងដែរ។

លោកបានអំពាវនាវដល់ក្រុមសកម្មជនទាំងអស់ បន្តការផ្សព្វផ្សាយ និងកៀគរបងប្អូណប្រជាពលរដ្ឋទាំងអស់ដែលនៅមូលដ្ឋានរបស់ខ្លួន ឱ្យអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បី សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា ក្នុងចំណោមសកម្មជនយុវជនទាំង២១៦នាក់ ក្នុងនោះគឺមានសកម្មជនថ្នាក់ឃុំចំនួន០៩នាក់ សកម្មជនយុវជនថ្នាក់ភូមិចំនួន៥២នាក់ សកម្មជនយុវជនថ្នាក់សាលារៀនចំនួន៦៥នាក់ សកម្មជនយុវជនមណ្ឌលសុខភាពឃុំចំនួន០៥នាក់ និងក្រុមការងារសកម្មជនយុវជនប្រតិកម្មរហ័សចំនួន៨១នាក់។

ជាមួយគ្នានោះ លោកក៏បានប្រគល់ថវិកាចំនួន៥.៤០០.០០០រៀលសម្រាប់កាត់ឯកសណ្ឋានសកម្មជន និងថវិកាដល់អ្នកចូលរួមទាំងអស់ចំនួន២៥៦នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន២០.០០០រៀល សរុបថវិកាទាំងអស់ចំនួន១០.៥២០.០០០រៀល៕