(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ម៉ូយរបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បានចេញមកជាហូរហែ ហើយអ្នកដែលនៅសេសសល់ គឺជាមនុស្សរបស់សម្តេចតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈដែលសម្តេចបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ផ្តាំទៅ ជុន ច័ន្ទបុត្រ ទៅ ! ប្រហែលជាដាច់ម៉ូយហើយ ម៉ូយរបស់ខ្លួនចេះតែមក អ្នកដែលធ្លាប់ធ្វើសម្ភាសន៍ហ្នឹង នៅសល់តែប៉ុន្មានគ្រឿង តែប៉ុន្មានទៀតបានមកហើយ ចេះតែមកហូរហែអញ្ចឹង ហើយអ្នកខ្លះមិនមកហូរហែរទេ គេនៅសម្ភាសជាមួយអ្នកឯង ប៉ុន្តែគេនៅជាមួយខ្ញុំទេ»

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីប្រធានវិទ្យុអាស៊ីសេរី ដែលស្នើសុំមានវត្តមាននៅកម្ពុជា សម្តេចបានប្រកាសថា ប្រសិនបើចង់មានវត្តមាននៅកម្ពុជាជាថ្មី ត្រូវដកមនុស្សមួយចំនួនចេញ ក្នុងនោះមានទាំងលោក ជុន ច័ន្ទបុត្រ ផងដែរ។

វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៧។ ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ៕