(ស្វាយរៀង)៖ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេគ្រួសារបក្សចំនួន៥០៤នាក់ នៅសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងអាណត្តិក្រោយៗទៀត គឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនកម្ពុជា។

លោក លី ធុជ បានអះអាងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តរក្សាសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាការទទួលបាននូវឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានអនាគតយ៉ាងត្រចះត្រចង់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក លី ធុជ បានបន្តទៀតថា មានតែសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបាននាំមកនូវការប្រែប្រួលយ៉ាងខ្លាំងដល់មុខមាត់ប្រទេសកម្ពុជា និងលើកកម្ពស់កិត្យានុភាពជាតិ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក និងបានធ្វើឲ្យប្រជាជនកម្ពុជាទទួលបាននូវសុខដុមរមនាគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

ពិធីសំណេះសំណាលនេះ មានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត សមាជិកបក្សខេត្ត ក្រុង សង្កាត់ សាខាបក្សភូមិ និងយុវជនគណបក្ស សរុបប្រមាណជា៥៥០ នាក់ផងដែរ៕