(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានអំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការអំពាវនាវរបស់សម្តេចតេជោ បានធ្វើឡើងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្មួយៗ នឹងទៅបោះឆ្នោត ដែលវាជាកាតព្វកិច្ចមួយរបស់ប្រជាពលរដ្ឋ ឬសេរីភាពរបស់ខ្លួន។ បោះឲ្យបក្សណា ជារឿងមួយ។ គេថា ដេកផ្ទះឈ្នះឯង ខ្ញុំថា ដេកផ្ទះងាប់ឯង។ គិតមើលទៅ គេ១០០នាក់ ទៅបោះ ៩៨នាក់ ឯងអត់បោះឆ្នោត ២នាក់ តើរស់នៅជាមួយគេ បានដូចម្តេច? ឲ្យសកម្មជនឯង មិនទៅបោះឆ្នោត ហ្នឹងគេហៅថា មនុស្សខុសខ្នាត»

បើតាមប្រសាសន៍សម្តេចតេជោ កម្មករនិយោជិត នឹងត្រូវបានឲ្យឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ដល់២៤ ខែកក្កដា ដោយមានប្រាក់បៀវត្ស ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ។ សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាព។

សូមជម្រាបថា គណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕