(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តសៀមរាប ជាសារមួយបង្ហាញឱ្យភ្ញៀវទេសចរអន្តរជាតិ ថាកម្ពុជាមានវិធានការជាច្រើនក្នុងកាទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ និងរួមគ្នាក្នុងការផ្តល់សុវត្ថិភាពទៅឱ្យសត្វព្រៃ ព្រមទាំងផ្តល់នូវសេចក្តីស្រឡាញ់សត្វព្រៃ។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកថ្លែងសារដ៏មានសារៈសំខាន់ពីវត្តមានធនធានធម្មជាតិ និងសត្វព្រៃ ក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីរួមខេត្តសៀមរាប នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ការរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តសៀមរាប ក៏ដើម្បីបង្ហាញមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសខេត្តយើងនេះជាខេត្តទេសចរណ៍ ដើម្បីបង្ហាញទៅភ្ញៀវទេសចរថា នៅខេត្តសៀមរាបយើង គឺបដិសេធ ឬក៏យើងបានធ្វើវិធានការ និងចាត់វិធានការផ្សេងៗក្នុងកាទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ហើយក៏ដើម្បីផ្ញើសារទៅពួកគាត់ផងដែរ ថាយើងបានរួមគ្នាក្នុងការផ្តល់សុវត្ថិភាពទៅឱ្យសត្វព្រៃដែលរស់នៅក្នុងព្រៃ​ និងផ្តល់នូវសេចក្តីស្រឡាញ់សត្វព្រៃ និងបន្តថែរក្សាវាឱ្យនៅគង់វង្សជាដរាបទៅមុខទៀត»

លោក នេត្រ ភក្ត្រា បានបន្តថា រូបភាពទាំងឡាយដែលភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាបនេះ ពួកគាត់ប្រាកដជាផ្តិតរូបភាពដែលភាគច្រើនជារូបភាពដ៏ល្អឯកទេសភាពនៅប្រាង្គប្រាសាទនានា និងធម្មជាតិនៅជុំវិញតំបន់អង្គររបស់កម្ពុជា។

មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា៖ «ក៏ប៉ុន្តែ ពេលខ្លះនៅពេលដែលគាត់ទៅទស្សនានៅភ្នំគូលែន និងបឹងទន្លេសាប ដែលមានការដាក់លក់ប្រភេទសត្វកម្រក៏គាត់ថតយកទៅស្រុករបស់គាត់ ដើម្បីផ្សព្វផ្សាយដែលនេះវាក៏អាចជារូបភាពអាក្រក់មួយ អំពីភាពអវិជ្ជមានទេសចរណ៍របស់យើងដែរ»

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ព្រមទាំងក្រសួង ស្ថាប័ន អង្គការដៃគូ និងអាជ្ញាធរដែលជាសេនាធិការ បានខិតខំប្រឹងប្រែងគឺដើម្បីបង្កើននូវរូបភាពល្អទេសចរណ៍របស់កម្ពុជា។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានថ្លែងថា ជាមួយនឹងកត្តិនាមដ៏ល្បីល្បាញលើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាបក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ។ របាយការណ៍មួយដោយអង្គការ WWF ថ្នាក់តំបន់ បានបញ្ជាក់ពីការរកឃើញ ប្រភេទរុក្ខជាតិ និងសត្វថ្មីក្នុងខេត្តសៀមរាបផ្ទាល់ដោយអ្នកវិទ្យាសាស្រ្ត។ យើងជឿជាក់ថានឹងមានការរកឃើញថ្មីៗបន្តបន្ទាប់ទៀត នៅក្នុងព្រៃ ទឹកសាប និងសមុទ្ររបស់កម្ពុជា។

លោកបានបន្តទៀតថា ធនធានសត្វព្រៃគឺជាមោទនភាព និងជាកំណប់ទ្រព្យដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ ដូចនេះ យើងត្រូវការពារធនធានដ៏កំរនេះពីការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរខុសច្បាប់គ្រប់ទម្រង់ឱ្យបាន។

សូមជម្រាបថា ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាប ត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមួយការសហការពីអង្គការដៃគូររួមមាន អង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មូលនិធិម៉ាដក្សចូលីភីត (MJP)  អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិកម្ពុជា (Nature Life) អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុនវីតាល់ និងមីជាតិ (Vital and Mee Cheat) ដោយមានការសហការពីមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប៕