(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជា កំពុងមានមិនមែនកើតដោយចៃដន្យ ឬទេវតាប្រទានឱ្យនោះទេ គឺបានមកពីការខិតខំរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយក៏សូមបញ្ជាក់សមិទ្ធផលដែលយើងបានកើតនៅកន្លែងនេះ មិនមែនបានដោយធ្លាក់ពីលើមេឃ ព្រះឥន្ធប្រទានឱ្យទេ បានមកពីការខិតខំប្រឹងប្រែងរួមគ្នាតាំងពីជីដូន ជីតារ​បស់ចៅៗ តាំងពីឪពុក ម្តាយ ក្មួយៗ ទើបយើងបង្កើតបានស្ថានភាពប៉ុណ្ណឹង ការខិតខំទាំងអស់របស់យើងនៅពេលនោះប្រមូលផ្តុំធ្វើម៉េចឱ្យប្រទេសមានសន្តិភាព អ៊ឹចឹងបានជាលំបាកណាស់ទម្រាំនាំប្រទេសឱ្យមានសន្តិភាព...!»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា មានភាពលំបាកខ្លាំងណាស់ទម្រាំនាំមាតុភូមិកម្ពុជា ឱ្យមានសន្តិភាព ខណៈប្រទេសកម្ពុជាកាលពីអតីតកាល ត្រូវបានបែងចែកតំបន់ត្រួតត្រាជាច្រើន។ ខណៈនៅមុនឆ្នាំ១៩៧០ ប្រទេសកម្ពុជាមួយ មានកម្លាំងប្រដាប់អាវុធ ៤ក្រុម ដែលធ្វើឱ្យប្រទេសកម្ពុជា បានជួបសោកនាដកម្មអស់ជាច្រើនឆ្នាំ ទម្រាំប្រទេសកម្ពុជា បានបង្កើតរដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ ប៉ុន្តែ ជម្លោះមិនទាន់បានបញ្ចប់នៅឡើយដោយសារតែខ្មែរក្រហម មិនទាន់បញ្ឈប់សកម្មភាពរបស់ខ្លួននៅតាមតំបន់ជាយដែន និងតំបន់មួយចំនួនក្នុងប្រទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពសំខាន់ណាស់ មិនមែនសម្រាប់នាយករដ្ឋមន្ត្រីនោះទេ គឺសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាព ឱ្យតែគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំនាយករដ្ឋមន្ដ្រី ទាំងសម្ដេចក្ដី ឬអ្នកបន្ដវេនជំនាន់ក្ដី ពោលឱ្យតែចេញពីគណបក្សប្រជាជនកម្ពុជា គឺមានលទ្ធភាពការពារសន្ដិភាពទាំងអស់ ហើយការបន្ដវេននោះទៀតសោត គឺបន្ដតាមរយៈការបោះឆ្នោត៕