Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន៖ សន្ដិភាពសំខាន់ណាស់ សម្រាប់ពលរដ្ឋគ្រប់រូប, មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរក និងការពារសន្ដិភាព (Video inside)

04-06-2023 10:52

(កំពង់ស្ពឺ)៖ ពីលើវេទិការក្នុងជំនួបសំណេះសំណាលជាមួយកម្មការ កម្មការិនី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មីម្ដងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្ដិភាព និងការពារសន្ដិភាពនេះ។

ក្នុងជំនួបនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសកម្ពុជា ចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ បានគូសបញ្ជាក់ថា សុខសន្ដិភាពសំខាន់ណាស់ ហើយមិនមែនសម្រាប់តែនាយករដ្ឋមន្ដ្រីនោះទេ ពោលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សន្ដិភាពមានតម្លៃធំណាស់សម្រាប់ការអភិវឌ្ឍ, យើងត្រូវបន្ដការខិតខំទាំងអស់គ្នា សន្ដិភាព មិនមែនសម្រាប់តែនាយករដ្ឋមន្ដ្រីនោះទេ ប៉ុន្ដែសន្ដិភាពដំបូងបំផុត គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់។ អញ្ចឹងត្រូវធ្វើយ៉ាងណាធានាសន្ដិភាព។ ហើយខ្ញុំសូមបញ្ជាក់ អ្នកដែលមានសមត្ថភាពរកសន្ដិភាព និងការពារសន្ដិភាព មានតែគណបក្សប្រជាជនកម្ពុជា»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ប្រសិនគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយម្ល៉េះពេលនេះកម្មករ កម្មការិនី ក៏គ្មានការងារធ្វើ ព្រោះគ្មានវិនិយោគិនណាទៅរកស៉ីបណ្ដាក់ទុននៅប្រទេសដែលកំពុងមានសង្គ្រោះ ប្រទេសដែលប្រជាពលរដ្ឋកំពុងរត់គេចពីគ្រាប់ផ្លោងនោះដែរ។

សម្ដេចតេជោ បានគូសរំលឹកថា សូម្បីតែប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន ដែលថ្លែងក្នុងពិធីបើកការប្រកួតកីឡាអាស៊៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏នៅលើកតម្លៃនៃសន្ដិភាពរបស់កម្ពុជា ដែលយើងត្រូវបន្ដការខិតខំប្រឹងប្រែងថែរក្សាទាំងអស់គ្នា។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំនាយករដ្ឋមន្ដ្រី ទាំងសម្ដេចក្ដី ឬអ្នកបន្ដវេនជំនាន់ក្ដី ពោលឲ្យតែចេញពីគណបក្សប្រជាជនកម្ពុជា គឺមានលទ្ធភាពការពារសន្ដិភាពទាំងអស់។ ហើយការបន្ដវេននោះទៀតសោត គឺបន្ដតាមរយៈការបោះឆ្នោត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវឲ្យកម្មករ កម្មការិនី និងនិយោជិតទាំងអស់ ត្រូវតែរួមគ្នាចូលរួមថែរក្សាសុខ សន្ដិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ននេះ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្ដការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។ អ្នកដែលស្វែងរកសន្ដិភាព គឺជាអ្នកដែលការពារសន្ដិភាព ខណៈអ្នកដែលមិនបានស្វែងគេខិតខំយ៉ាងណាដើម្បីឲ្យតែអស្ថេរភាពក្នុងប្រទេស ដោយមិនបានគិតទៅដល់បញ្ហាទាក់ទិនអ្នកណាស្លាប់ អ្នកណារស់នៅទេ ពោលគេធ្វើយ៉ាងណាឲ្យបានអំណាចប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលនេះ សម្ដេចហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ពិសេសកំចាត់ចោលរាល់ក្រុមបុគ្គលមួយចំនួនតូច ដែលប៉ុនប៉ងបំផ្លាញសន្ដិភាព សម្រាប់ប្រជាជន១៧លាននាក់របស់កម្ពុជា៕