(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា កម្ពុជា បាននិយាយរួចហើយ ជាមួយមិត្ដចិន ជប៉ុន កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី នៅពេលកម្ពុជាងើបចេញ ពីប្រទេសមានការអភិវឌ្ឍន៍តិចតួច សូមបន្តផ្តល់ប្រាក់កម្ចី ជាមួយអត្រាការប្រាក់អនុគ្រោះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវដកខ្លួនចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។ ដូច្នេះឆ្នាំ២០២៧ គឺជាឆ្នាំដែលត្រូវបាត់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបាត់កម្ចីដែលត្រូវខ្ចី តាមអត្រាការប្រាក់ពាណិជ្ជកម្ម។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានចរចារជាមួយមិត្ដចិន, ជប៉ុន, កូរ៉េខាងត្បូង និងធនាគារអភិវឌ្ឍន៍អាស៊ី បើសិនជាយើងចេញផុត ពីប្រទេសអភិវឌ្ឍន៍តិចតួចហើយក៏ដោយ ក៏សូមមេត្ដាផ្ដល់នូវភាពអនុគ្រោះ ក្នុងបញ្ហាឥណទាន ទាក់ទងនឹងការអភិវឌ្ឍន៍ ដោយមានអត្រាការប្រាក់ទាបបន្ដទៀត»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា បញ្ហានេះ ទាមទារនូវការគិតគូរបន្ថែម ដែលប្រទេសនានា ក៏មានគោលការណ៍របស់គេផងដែរ។

សូមជម្រាបថា កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៦ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅ ធ្វើយ៉ាងណាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕