(ភ្នំពេញ)៖ កម្រងសេវាកម្មពិការភាព តាមប្រព័ន្ធអេឡិចត្រូឡិចដំបូងបំផុត នៅកម្ពុជាត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ណែនាំនៃ ការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការនិងពិធីប្រកាស ដាក់ឱ្យប្រើជាផ្លូវការកម្រង សេវាកម្មពិការភាពតាម ប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធ វិស័យពិការភាព អភិបាលរង រាជធានី ខេត្តទាំង២៥ ដែលជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ព្រមទាំងជនពិការសរុបចំនួន១៧០នាក់។
តាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ កម្រងសេវាកម្មពិការភាពតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសកម្ពុជា នេះគឺជាការផ្ដួចផ្ដើមរៀបចំ ឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការជួយជ្រុមជ្រែងពីកាកបាទក្រហមអូស្ត្រាលី ក្នុងឆ្នាំ ២០១៥ ហើយបានធ្វើបច្ចុប្បន្នភាពឡើងវិញដោយមានកិច្ចសហការ ពីអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ អង្គការសុខភាពអន្តរជាតិ ដែលកម្រងសេវាកម្មពិការភាពតាមប្រព័ន្ធ អេឡិចត្រូនិកនេះផ្តល់នូវលក្ខណៈងាយស្រួលអំពី ព័ត៌មាននិងទិន្នន័យ សេវាសម្រាប់ជនពិការនៅកម្ពុជា។
អគ្គលេខាធិការលោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា បច្ចេកទេសនៃកម្រងសេវាកម្មនេះក៏ផ្ដល់នូវមុខងារសំខាន់ៗសម្រាប់ស្វែងរកព័ត៌មានអំពីអង្គភាព ប្រភេទសេវាកម្ម តំបន់ប្រតិបត្តិការ ប្រភេទពិការភាព និងក្រុមអាយុ ជាក់លាក់ហើយអនុញ្ញាតឲ្យស្ថាប័នរដ្ឋ ឯកជន និងសង្គមស៊ីវិលនានាអាចបញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធនេះ បានដោយខ្លួនឯងទៀតផង។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងរៀបចំ ប្រកាសអន្តរក្រសួង ដែលមានទិសដៅកសាងនូវ គោលការណែនាំមួយជាក់លាក់របស់រាជដ្ឋាភិបាល អំពីការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការស្រប តាមជំពូក៥ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ចំពោះទីកន្លែងសាធារណៈទាំងឡាយណា ដែលបានសាងសង់មុន ច្បាប់នេះចូលជាធរមាន ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែង សាធារណៈនោះយ៉ាងយូររយៈពេល ៥ឆ្នាំ ដើម្បីឲ្យជនពិការមាន លក្ខណៈងាយស្រួលចេញ-ចូលបាន។ នេះបើតាមការឲ្យដឹងពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថាទីកន្លែងសាធារណៈ ទាំងឡាយណាដែលបាន សាងសង់មុនច្បាប់ នេះចូលជាធរមាន ហើយមិនទាន់បានរៀបចំចំណតយានយន្តពិសេសសម្រាប់ជនពិការ បន្ទប់អនាម័យ ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូររយៈពេល៥ឆ្នាំ។ ក្រៅពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំលក្ខណៈងាយស្រួលលើមធ្យោបាយ ដឹកជញ្ជូនផ្សេងៗសម្រាប់ជនពិការ ព្រមទាំងការផ្តល់ប័ណ្ណបើកបរយានយន្ត និងការកំណត់ប្រភេទយានយន្តសម្រាប់ជនពិការ ដែលចំនុចនេះគឺត្រូវកំណត់ដោយប្រកាស អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិការគ្រោះយោបល់ សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ណែនាំ នៃការបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ និងពិធីប្រកាសដាក់ឱ្យប្រើជាផ្លូវការ កម្រងសេវាកម្មពិការភាព តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចាត់ទុកការចងក្រងកម្រងសេវាកម្ម ពិការភាពតាមប្រព័ន្ធអេឡិចត្រូនិក នេះជាកាលានុវត្តភាពថ្មីមួយទៀត ក្នុងវិស័យពិការភាព ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាដែលមានភាពងាស្រួលសម្រាប់ យើងទាំងអស់គ្នា។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងបន្តទៀតថា កន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានជំរុញសកម្មភាពនានា ក្នុងការបង្កលក្ខណៈងាយស្រួលដល់ជនពិការ តាមរយៈការដាក់ចេញនូវច្បាប់និងលិខិត បទដ្ឋានគតិយុត្ត និងការជម្រុញការកែសម្រួលសាងសង់ និងរៀបចំធ្វើយ៉ាងណាឱ្យជនពិការ អាចចេញចូល និងប្រើប្រាស់បានដូចជាបរិស្ថានរូបវន្ត មធ្យោបាយធ្វើដំណើរទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មផ្សេងៗទៀតដែលបានដាក់ឲ្យប្រើជាសាធារណៈទាំងនៅទីក្រុង និងទីជនបទ៕