(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋនៅតាមភូមិ៩ និងភូមិ៣ នៃសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ជាង៥០គ្រួសារ កាលពីថ្ងៃទី១-៣ ខែមិថុនា ឆ្នាំំ២០២៣ លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ផ្សារថ្មី១ បានរំលឹកពីប្រវត្តិ និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៧០ឆ្នាំមកនេះជូនប្រជាជន និងយុវជនជំនាន់បន្តវេនដើម្បីស្វែងយល់ ក្នុងន័យរួមគ្នាបង្ការ ទប់ស្កាត់ឧបាយកលនយោបាយទុច្ចរិតរបស់ពួកពូជក្បត់ជាតិបីជំនាន់ ដែលតែងតែបំភ័នប្រវត្តិសាស្ត្រ ញុះញុងបំបែកបំបាក់សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមខ្សែញាក់របស់ពួកបរទេសមួយចំនួននៅពីក្រោយ។

នៅចំណុចនេះ លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ជូនថា គណបក្សប្រជាជនកម្ពុជាបានកើតចេញពីប្រជាជន ដើម្បីប្រជាជន និងដើម្បីបុព្វហេតុជាតិឥតងាករេ ហើយក៏មិនដែលមានប្រវត្តិកសាងកំហុសណាមួយនាំឲ្យប្រជាជនរងទុក្ខវេទនា និងប្រទេសជាតិបែកបាក់នោះឡើយ។ មានន័យថា គណបក្សមួយនេះ បានធ្វើគ្រប់យ៉ាងដើម្បីនាំមកនូវសុខសន្តិភាពដែលជាសេចក្តីប៉ងប្រាថ្នាតែមួយគត់របស់ប្រជាជនកម្ពុជា បន្ទាប់ពីបានបាត់បង់ការឯកភាពជាតិអស់ជិត៥០០ឆ្នាំកន្លងទៅ បានមកជូនប្រជាជនកម្ពុជាវិញ។

ជាពិសេសនោះ គណបក្សប្រជាជនកម្ពុជា គឺជាអ្នករំដោះជីវិតប្រជាជនចេញពីការគំរាមកំហែង នៃការកាប់សម្លាប់កាលពីក្នុងរបបដឹកនាំរបស់ពួកប៉ុល ពត និងបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិរស់រានមានជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិត និងចិត្តគំនិតដ៏បរិសុទ្ធដើម្បីទៅប្តូរជាមួយនឹងបុព្វេហតុមាតុភូមិមួយនេះ តាមរយៈនៃការគូវាសជោគវាសនាកម្ពុជាឲ្យមានមកដល់ថ្ងៃនេះ។

ជាមួយនឹងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក សុខ កិមហេង សមាជិកក្រុមប្រឹក្សាខណ្ឌ, លោក ប៉ែន សារឿន ចៅសង្កាត់ផ្សារថ្មី១ បានជូនថវិកាមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានផងដែរ៕