(ប៉ៃលិន)៖ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសខាកាំកុងត្រូលខេត្តប៉ៃលិនបានប្រាប់ភ្នាក់ងារ Fresh News ថា បច្ចុប្បន្ននេះនៅតាមមូលដ្ឋាន តាមទីផ្សារ នានាជុំវិញខេត្តប៉ៃលិន ជាពិសេសប្រជាពលរដ្ឋខ្វះការយល់ដឹង និងមិនទាន់ទទួលការ ចំណេះដឹងបញ្ហាសុខភាព ដូច្នេះហើយមន្រ្តីជំនាញបន្ត ចុះអប់រំ ណែនាំដល់ពួកគាត់។
លោកបានបន្តថា ផលិតផលម្ហូបអាហារ ខូចគុណភាពទាំងនេះ បែងចែកជា៣ប្រភេទ ១. ទំនិញមានលក្ខណៈ វេចខ្ចប់ ជាកំប៉ុង ច្រកដប កញ្ចប់ ហួសរយៈពេលប្រើប្រាស់កាលបរិច្ឆេទ។ ទី២ ទំនិញមានលក្ខណៈរាយ គ្មានអនាម័យ ស្អុយរលួយ ខូចគុណភាព និងទំនិញផ្សំសារធាតុគីមី (ទឹកខ្មេះ) មឹកត្រាំ គ្រឿងសមុទ្រ។និង ទី៣ គោលដៅសិប្បកម្ម ឧស្សាហកម្ម ដែលមិនមានជាកម្មវត្ថុលាយផ្សំ ជាមួយម្ហូបអាហារសម្រាប់មនុស្ស។
ជាក់ស្តែង នាព្រឹកថ្ងៃទី២០ ខែកក្កដា នេះមន្ត្រីសាខាកាំកុងត្រូល សហការណ៍ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បន្តយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងធ្វើការដកហូតមុខទំនិញបានមួយចំនួនធំ។
លោកសាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា យុទ្ធនាការព្រឹកនេះសមត្ថកិច្ចជំនាញយើង ប្រមូលបានប្រហិតជិត៣០០គីឡូក្រាម គ្មានគុណភាព គ្មានអនាម័យ ការរក្សាទុកគ្មានស្តង់ដា មានក្លិនស្អុយតែម្តង ដែរអាចបង្កប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ រីឯម្ចាស់បានធ្វើកិច្ចសន្យា បញ្ឈប់ការលួចនាំយក
មកដាក់តាំងលក់បែបនេះទៀត ជាពិសេសនោះប្រសិនជាមន្ត្រីជំនាញប្រទះឃើញបែបនេះទៀត យើងនិងចាត់ការទៅតាមច្បាប់ និងប្រឈមបញ្ជូនសំណុំរឿងទៅកាន់តុលាការតែម្តង។
ទំនិញដកហូតបាន រួមមានទឹកខ្មេះទន្សាយ(ទឹកអាស៊ីត) ចំនួន១៧ដប ទឹកក្រូចដបធំ៤ដប ម្សៅស៊ុបរ៉តឌី ចំនួន៥០ កញ្ចប់ ទឹកក្រូចដបតូច ចំនួន៥៧ដប និងប្រហិតជិត៣០០គីឡូក្រាម ។
សូមបញ្ជាក់ថា ចំពោះប្រហិតជិត៣០០គីឡូក្រាមដកហូតបាននៅក្នុងផ្សារប៉ាហ៊ី មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រមូលយកទៅដុតកម្ទេចចោល នៅល្ងាចថ្ងៃទី២០ ខែកក្កដានេះតែម្តង ៕