(តួកគី)៖ ជាទូទៅមនុស្សច្រើនតែលើកឡើងថា ហេតុផលដែលនាំឲ្យមានការធ្វើរដ្ឋប្រហារ ដោយសារតែពួកយោធាចង់ឡើងកាន់អំណាច ដោយខ្លួនឯង ប៉ុន្តែការពិតទៅមានមូលហេតុជាច្រើនដែលជំរុញឲ្យការធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់មេដឹកនាំដែលកំពុងកាន់អំណាច។ ជាក់ស្តែងរដ្ឋប្រហារប្រទេស តួកគី មូលហេតុដោយសារមនុស្សមិនសប្បាយចិត្ត នឹងទង្វើខុសឆ្គងជាច្រើនរបស់លោកប្រធានាធិបតី Erdogan ដែលក្នុងនោះមានដូចជា៖
មុនការធ្វើរដ្ឋប្រហារ ពួកយោធាបានធ្វើសេចក្តីថ្លែងការណ៍ថា រដ្ឋប្រហារធ្វើឡើងក្នុងគោលបំណងផ្តួលរំលំប្រធានាធិបតី Erdogan ដោយសារប្រធានាធិបតីរូបនេះ បានបន្តកាន់អំណាចអស់រយៈពេល១៥ឆ្នាំ ដោយបានប្រើប្រាស់អំណាចផ្តាច់ការ។ ក្រោមការដឹកនាំរបស់លោក អំពើភេរវកម្មក្នុងប្រទេស បានកើនឡើងជាលំដាប់។ មិនតែប៉ុណ្ណោះ លោកបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដើម្បីផ្ទេរអំណាច នីតិប្រតិបត្តិទៅក្នុងដៃរបស់លោក។
ជាមួយគ្នានេះដែរ បក្សប្រឆាំងរបស់ប្រធានាធិបតីរូបនេះ ក៏បានលើកឡើងពីការធ្វើកំណែទម្រង់ថ្មី លោកប្រធានាធិបតីតួកគី ដែលមានដូចជា បង្កើតតំបន់បរិភោគ គ្រឿងស្រវឹងដោយសេរី និងការដាក់ចេញនូវច្បាប់ថ្មីមួយ ដែលចាត់ទុកថា អំពើក្បត់រវាងស្វាមីភរិយា ជាបទឧក្រិដ្ឋ។ ដោយក្រុមប្រឆាំងបានចោទថា ទាំងនេះជាគោលនយោបាយរបស់ពួកឥស្លាម ហើយពួកគេបានប្រើប្រាស់កំណែទម្រង់ថ្មីនេះ ជាភស្ថុតាងដែលបញ្ជាក់ថា លោក Erdogan ចង់ផ្លាស់ប្តូរប្រទេសទៅជារដ្ឋឥស្លាម ISIS។ យ៉ាងនេះក្តី លោក Erdogan បានបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ទាំងនេះ។
ជាមួយគ្នានេះដែរ គូសត្រូវរបស់លោក Erdogan ក៏បានចោទប្រកាន់ប្រធានាធិបតីរូបនេះផងដែរថា បានប្រើប្រាស់អំណាចផ្តាច់ការ ព្រមទាំងចោទប្រកាន់ថា លោកបានកសាងវិមានដ៏ប្រណិតមួយ នៅជាយទីក្រុង អង់ការ៉ា ដែលចំណាយអស់ប្រាក់របស់ជាតិ អស់រាប់រយលានដុល្លារ។
មិនតែប៉ុណ្ណោះក៏មានភស្ថុតាងបង្ហាញផងដែរថា លោក Erdogan ព្យាយាមបំបិទមាត់ក្រុមប្រឆាំង ដោយប្រើប្រាស់អំណាចរបស់លោកផ្ទាល់ ទាំងលើផ្នែកនយោបាយ និងតុលាការ។ ជាក់ស្តែងអ្នកកាសែតជាច្រើនត្រូវបានចាប់ខ្លួន និងនិរទេសន៍ទៅក្រៅប្រទេស ក្នុងនោះមួយចំនួនត្រូវបានគេសួរចម្លើយ មុនពេលបណ្តេញចេញពីប្រទេសថែមទៀតផង។
ដោយឡែកតាមបណ្ដាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថា អ្វីដែលនាំឱ្យមានរដ្ឋប្រហារ គឺក្រុមយោធា មិនសប្បាយចិត្តនឹងការដឹកនាំប្រទេសរបស់លោក Erdogan ។ ក្រុមនេះតែងតែចង់ឱ្យមានការរុះរើរដ្ឋធម្មនុញ្ញ។ តាមប្រភពដដែលនេះបានឲ្យដឹងថា ក្រុមឆ្វេងនិយមដែលដឹកនាំរដ្ឋប្រហារ គឺកើតចេញពីកងទ័ពមួយក្រុម មានបញ្ជាការដ្ឋានរបស់ខ្លួននៅក្បែររដ្ឋធានី អ៊ីស្តង់ប៊ុល។ ក្រៅពីពួកនេះក៏មានអ្នកនយោបាយឆ្វេងនិយមនៅពីក្រោយដែរ។
ភ្នាក់ងារសារព័ត៌មាន BBC ប្រចាំតំបន់មជ្ឈឹមបូព៌ា លោក Jeremy Bowen បានបញ្ជាក់ថា បញ្ហាសង្គ្រាមក្នុងប្រទេស ស៊ីរី ដែលជាប្រទេសជិតខាង ក៏ជាផ្នែកមួយដែលបានជះឥទ្ធិពល បណ្តាលឲ្យមានរដ្ឋប្រហារនេះផងដែរ។
ពួកយោធាគិតថា ស្ថាប័នតុលាការហាក់មិនមានភាពត្រឹមត្រូវ ហើយក្នុងស្ថាប័ននោះភាគច្រើនពោរពេញទៅដោយពួកឥស្លាម។ សូមជម្រាបផងដែរថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក Erdogan បានបំបាក់តុលាការឯករាជ្យពីរកន្លែង ព្រមទាំងសារព័ត៌មានសេរីមួយចំនួន ដើម្បីបង្កើនអំណាចផ្ទាល់ខ្លួន និងលាក់បាំងទោសកំហុសផ្សេងៗ។
ថ្វីត្បិតការធ្វើរដ្ឋប្រហារនេះបរាជ័យ តែការពិតទៅវាស្ទើតែទទួលបានជោគជ័យទៅហើយ រហូតដល់មានមន្ត្រីម្នាក់ដែលចូលរួមក្នុងកិច្ចប្រជុំ ខណៈដែលរដ្ឋប្រហារកំពុងកើតឡើង បានលើកឡើងថា «ពួកយោធាទំនងជាទទួលបានជោគជ័យក្នុងរដ្ឋប្រហារនេះ ហើយយើងទាំងអស់គ្នា នឹងស្លាប់នៅក្នុងរាត្រីនេះ»។ មន្ត្រីរូបនេះបានបន្តថា «ហេតុនេះសូមយើងទាំងអស់គ្នា ត្រៀមខ្លួនក្នុងការបាត់បង់ជីវិត យើងនឹងត្រូវគេសម្លាប់នៅក្នុង ការវាយប្រហារនេះជាមិនខាន»។
សូមជម្រាបថា លោក Recep Erdogan បានឡើងកាន់អំណាចក្នុងនាមជានាយករដ្ឋមន្ត្រីតួកគី កាលពីឆ្នាំ២០០៣កន្លងទៅនេះ។ លោកបន្តដឹកនាំបក្ស និងប្រទេសរហូតដល់ឆ្នាំ២០១៤។ ហើយក្នុងខែសីហា ឆ្នាំ២០១៤ដដែល លោកបានក្លាយជាប្រធានាធិបតីទីមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើស តាមបែបប្រជាធិបតេយ្យ និងបន្តកាន់អំណាចរហូតមកទល់បច្ចុប្បន្ន។
សូមបញ្ចាក់ថា ព័ត៌មានខាងលើនេះដកស្រង់ពីសារព័ត៌មានបរទេសនានា៕