(ភ្នំពេញ)៖ រដ្ឋាភិបាលញូហ្សេឡែន នឹងផ្ដល់ជំនួយប្រមាណ៧លានដុល្លារអាមេរិក និងជំនួយបច្ចេកទេស លើការអភិវឌ្ឍវិស័យកសិកម្ម ដែលផ្តោតលើការ ជំរុញនិងលើកកម្ពស់ការដាំបន្លែបង្ការ ដើម្បីជួយជំរុញជីវភាពប្រជាពលរដ្ឋកម្ពុជា នៅតាមទីជនបទឱ្យមានការរីកចម្រើនបន្ថែមទៀត។ ជំនួយនោះមានទំហំ ទឹកប្រាក់៧លានដុល្លារអាមេរិក ក្នុងផែនការដំណាក់កាល៥ឆ្នាំម្ដង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Tony Banks ប្រតិភូមន្រ្តីស្ថានទូតញូហ្សេឡែន ប្រចាំនៅប្រទេសថៃ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងកសិកម្ម។
បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះដែរ លោករដ្ឋមន្រ្តី វេង សាខុន បានឱ្យដឹងថា ការអភិវឌ្ឍលើផែនការកសិកម្មខាងលើនេះ ក្រុមការងារនឹងចាប់ផ្តើមអនុវត្តជាលើកដំបូងនៅខេត្តសៀមរាប ត្បូងឃ្មុំ ព្រៃវែង និងខេត្តដែលមានកសិករធ្វើស្រែតិចតូច។
លោករដ្ឋមន្រ្តីបានបន្ថែមថា មុននឹងអនុវត្តផែនការនេះ ក្រុមការងារត្រូវធ្វើការត្រួតពិនិត្យជាមុនសិន ដោយប្រើបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប។
លោករដ្ឋមន្រ្តី វេង សាខុន បានសាទរចំពោះគម្រោងដ៏វិសេសវិសាលនេះ និងយល់ព្រមសហការលើការងារនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជា ជួយលើកកម្ពស់ជីវភាពកសិករផងដែរ៕