(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងលោក ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មី ចំនួន៣៦០នាក់ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោក ឃឹង នុភាព បានស្វាគមន៍ និងកោតសរសើរចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសដោយមើលឃើញ នៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្ដថា សម្ដេចក៏បើកបេះដូងឲ្យទូលាយក្នុងការទទួលយកសមាជិកថ្មី ដោយមិនរើសអើងដោយមិនប្រកាន់និន្នាការនយោបាយ ទទួលយកជាសមាជិកគណបក្សប្រជាជន និងស្រឡាញ់ស្មើៗគ្នា ទោះបីមានសមាជិកគណបក្សប្រជាជន បានចូលមុន ចូលក្រោយ និងសមាជិកចូលក្រោយជាបន្តបន្ទាប់ទៀត គឺមានការស្រឡាញ់ស្មើៗគ្នា គណបក្សប្រជាជនកម្ពុជាតែងតែមានសកម្មភាពនៅមូលដ្ឋានជាប្រចាំ។

លោក ឃឹង នុភាព បន្ថែមថា សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សូមសមាជិក សមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕