(តាកែវ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចការងារហាឡាល នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Kirisu របស់ក្រុមហ៊ុន Khmer Fresh Milk ស្ថិតនៅភូមិឪភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ច មានគោលបំណងសិក្សាស្វែងយល់ និងគាំទ្រ ក្រោយក្រុមហ៊ុននេះបានទទួលសេវាប្រើប្រាស់វិញ្ញាបត្រស្តង់ដារហាឡាលកម្ពុជា។ ខណៈនាពេលថ្មីៗនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលយកម៉ាកទឹកដោះគោ Kirisu នេះ សម្រាប់អត្តពលិកជាតិ និងអន្តរជាតិទទួលទានផងដែរ។
កសិដ្ឋាន Kirisu នេះ បាននាំចូលពូជគោយកទឹកដោះមកពីប្រទេសអូស្ត្រាលីចំនួន ៥៥០ក្បាលកាលពីដើមឆ្នាំ២០២០ សម្រាប់ចិញ្ចឹមយកទឹកដោះមកកែច្នៃជាទឹកដោះស្រស់ និងទឹកដោះគោជូរ សម្រាប់ចាប់ផ្តើមសង្វាក់ផលិតកម្មដំបូងក្នុងឆ្នាំ២០២០ ខណៈបច្ចុប្បន្នគោបានកើនឡើងដល់ជិត១ពាន់ក្បាល។ សព្វថ្ងៃកសិដ្ឋានប្រមូលទឹកដោះគោបានចន្លោះពី ១៣០០ទៅ១៤០០ លីត្រក្នុង១ថ្ងៃ។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ មានផ្ទៃដី៣០០ហិកតា ដោយមានការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនក្នុងស្រុក និងបរទេស ជាមួយទំហំវិនិយោគ ១៥លានដុល្លារអាមេរិក។
សូមជម្រាបជូនថា ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើមរៀបចំបែបបទទៅតាមនីតិវិធីរដ្ឋបាលបច្ចេកទេស និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មកាល ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឲ្យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនេះ ក្នុងឆ្នាំ២០១៨៕