(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលព័ត៌មាន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី០៣ ខែមិថុនានេះ មានអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើន កំពុងតែត្រៀមខ្លួនដើម្បីផ្ដិតយកនូវខ្លឹមសារព័ត៌មាន និងរូបភាព ចេញពីព្រឹត្តិការណ៍បើកការប្រកួតជាផ្លូវការនៅល្ងាចនេះ។

ក្នុងអំឡុងពេល នៃការត្រៀមខ្លួននេះ នៅមជ្ឈមណ្ឌលព័ត៌មាន ក៏មានរៀបចំនូវអាហារសម្រន់មួយចំនួន ជូនអ្នកសារព័ត៌មានផងដែរ។ អាហារសម្រន់ដែលត្រូវដាក់សម្រាប់ឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិទទួលទាននោះ រួមមាន នំបញ្ចុកខ្មែរ បង្អែមចេកខ្ទះ និងកាហ្វេជាដើម។

ក្នុងនោះអ្នកសារព័ត៌មានចិនមួយក្រុម ដែលបានមកចូលរួមយកព័ត៌មាន ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីភ្លក់នូវរសជាតិនំបញ្ចុកខ្មែររួចហើយនោះ បាននាំគ្នាសរសើរមិនដាច់ពីមាត់នោះឡើយ អំពីរសជាតិនំបញ្ចុកខ្មែរនេះ ដោយពួកគាត់បញ្ជាក់ថា ពិតជាមានរសជាតិឆ្ងាញ់។

ដោយសារតែរសជាតិរបស់នំបញ្ចុកខ្មែរឆ្ងាញ់បែបនេះហើយ បានធ្វើឲ្យនំបញ្ចុកដែលដាក់សម្រាប់អ្នកសារព័ត៌មានទទួលទាននោះ អស់ពីល្អីតែម្ដង។ ប៉ុន្ដែទោះជាយ៉ាងណា ក៏នៅមានអាហារសម្រន់ផ្សេងទៀត មិនដាច់នោះឡើយ ដែលក្រុមការងារបានរៀបចំសម្រាប់អ្នកសារព័ត៌មាន និងអន្ដរជាតិ នៅក្នុងមជ្ឈមណ្ឌលព័ត៌មាននេះ។

គួរជម្រាបថា មិនខុសពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២នោះទេ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក៏មានការរៀបចំទទួលស្វាគមន៍ប្រតិភូកីឡា និងអ្នកសារព័ត៌មានបណ្ដាប្រទេសផ្សេងៗ យ៉ាងកក់ក្ដៅជាទីបំផុត រាប់ទាំងការស្នាក់នៅ និងអាហារហូបចុកជាដើម៕