(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជាបានកសាង ថែរក្សា និងផ្តល់ជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់សម្ដេចចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុទុមព្រឹក្ស (ហៅវត្តពពេល)ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានខិតខំស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចបានគូសបញ្ជាក់ថា គិតមកដល់សព្វថ្ងៃនេះ ក្រៅពីហេដ្ឋារចនាសម្ពន្ធរូបវន្តសំខាន់ៗរួមមាន៖ ផ្លូវ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ និងអាគារធំៗ និងខ្ពស់ៗ បាននិងកំពុងរីកស្គុះស្គាយពាសពេញផ្ទៃប្រទេស គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ហើយមួយក្នុងចំណោមសមិទ្ធផលទាំងនោះ ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន និងការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីសមិទ្ធផលថ្មីដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជួនជាតិនិងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩ ការ ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ នៅក្នុងនោះក៍មានជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលនិងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្ត៦៤ឆ្នាំមកនេះ។ពិសេសបានបង្ហាញឱ្យពិភពលោកឃើញថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ”។ “កីឡារស់ក្នុងសន្តិភាព”  យើងបានបង្ហាញឱ្យពិភពលោកឃើញថា “ការប្រកួតកីឡា គឺលើសពីការឈ្នះ និងចាញ់”។ កីឡា គឺបណ្តុះនូវស្មារតី មិត្តភាព សាមគ្គីភាព ក្នុងសហគមន៍។

សម្តេចប្រធានរដ្ឋសភាបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានមគ្គុទេសឆ្នើមក្នុងការដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវសុខសន្តិភាព វិបុលភាព ការបង្រួបបង្រួមជាតិ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ តាមរយៈនយោបាយឈ្នះឈ្នះ នាឆ្នាំ ១៩៩៨ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ជឿនលឿននាឆ្នាំ២០៥០ខាងមុខ។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គម គឺដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ វិបុលភាព និងការអភិវឌ្ឍ សំដៅកសាងនិងការពារមាតុភូមិឱ្យកាន់តែរីកចម្រើនរុងរឿងតទៅមុខថែមទៀត។

សម្តេចបានលើកទឹកចិត្តដល់ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ រួមគ្នាថែរក្សាការពារសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យបានគង់វង្ស ស្ថិតស្ថិរក្នុងព្រះពុទ្ធសាសនា និងសង្គមយើង និងរក្សាបានកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ពិសេសបានអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាពសង្គមដើម្បីទទួលបានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕