(ប៉ៃលិន)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) អមដោយលោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃការងារសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោមឥទានធនាគារពិភពលោក។

បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃអគារមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក មន្ត្រីពាក់ព័ន្ធរបស់គម្រោង H-EQIP នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ (Y-VAN) និងតំណាងក្រុមហ៊ុនត្រួតពិនិត្យ (STUP) ដើម្បីពិភាក្សាការងារបន្ថែមទៀត ក្នុងការឈានទៅសម្រេចការងារសាងសាង់ និងរៀបចំអគារមន្ទីរពេទ្យឱ្យបានរួចរាល់ជាស្ថាពរ ដើម្បីបើកទទួល និងផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋជាផ្លូវការ។

ក្នុងកិច្ចពិភាក្សាការងារនេះ លោកស្រីវេជ្ជបណ្ឌិត យក់ បានវាយតម្លៃថា អគារមន្ទីរពេទ្យនេះ បានសាងសង់ជិតរួចរាល់ហើយ នៅតែការងារបន្ទាប់បន្សំ និងនៅសេសសល់ការងារមួយចំនួនតូច ដែលក្រុមហ៊ុនសាងសង់ ត្រូវបន្ដសហការគ្នាជាមួយតំណាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងតំណាងធនាគារពិភពលោក ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ៕