(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានសាខា កាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ ចំនួន៣២គ្រួសារ នៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
អំណោយមនុស្សធម៌ ដែលលោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានផ្ដល់ជូនគ្រួសាររងគ្រោះ និងជនរងគ្រោះរួមមាន៖ សម្រាប់គ្រួសាររងគ្រោះដោយរលំផ្ទះ ៨គ្រួសារ/១គ្រសារទទួលបាន ស័ង្កសី ១០សន្លឹក, អង្ករ ២៥គ.ក្រ, ថវិកា១០០,០០០រៀល សម្រាប់ជបរងគ្រោះដោយ ផ្ទះរបើកធ្ងន់១៤គ្រួសារ/១គ្រួសារទទួលបានតង់កៅស៊ូ១ផ្ទាំង, អង្ករ២៥គីឡូក្រាម, ថវិកា៣០,០០០រៀល និងសម្រាប់អ្នករបួសធ្ងន់ អង្ករ ២៥គីឡូក្រាម, ថវិកា២០០,០០០រៀល និងអ្នករបួសស្រាល អង្ករ ២៥គីឡូក្រាម, ថវិកា ៥០,០០០រៀល ចំណែកករណីរន្ទះបាញ់ របួសាលប្រុស១នាក់ អង្ករ ២៥គីឡូក្រាម ថវិកា៥០,០០០រៀល ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ និង១៨ ខែកក្ដដា ឆ្នាំ២០១៦ ស្រុកវ៉ារិន បានជួបគ្រោះមហន្តរាយ ដោយភ្លៀងផ្គរ រន្ទះ លាយឡំខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលអោយគ្រួសារប្រជាពលរដ្ឋរងគ្រោះ រលំផ្ទះ, ផ្ទះរបើកធ្ងន់ធ្ងរ របួសធ្ងន់ របួសស្រាល និងរន្ទះបាញ់។
ក្រៅពីការចែកអំណាយខាងលើ លោកស្រីបាននាំយកពាក្យសួរសុខទុក្ខ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ផងដែរ។ ទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយភាពខ្វះខាត របស់បងប្អូនបានមួយកម្រិតផងដែរ។
ទន្ទឹមនឹងនោះ លោកស្រីបានផ្ដែផ្ដាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះថា «ដោយរដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅជៀសវាង ពីមូសខាំដែល អាចបង្កអោយកើតជម្ងឺគ្រុនឈាម»៕