(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា នឹងអញ្ជើញជាងធិបតីបើកការប្រកួតកីឡាជនមានពិការភាពអាស៊ានប៉ារ៉ា​ហ្គេមលើកទី១២។

ពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាជនមានពិការភាពនៅតំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងសម្រាប់កម្ពុជា ក្រោយព្រឹត្តិការណ៍នេះវត្តមាន២៤ឆ្នាំ នឹងត្រូវប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់នៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាព និង​មហា​ជនប្រមាណជាង ៦ម៉ឺននាក់។

ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម នឹងប្រព្រឹត្តទៅ​មិន​ចាញ់ការបើកការប្រកួតកីឡាស៊ីហ្គេមនោះឡើយ។ កម្មវិធីជាច្រើននឹងត្រូវប្រារព្ធឡើង​មានដូចជា ការរាប់ថយក្រោយពីលេខ១២ ដល់លេខ១ ហើយបាញ់កាំជ្រួច, ដង្ហែទង់ជាតិ និងគោរពទង់ជាតិព្រះរាជាណាចក្រកម្ពុជា, ដង្ហែក្បួនប្រតិភូកីឡាជនមានពិការភាពអាស៊ានទាំង១១ប្រទេស, ដង្ហែ និងគោរពទង់ជាតិសហព័ន្ធកីឡាជនមានពិការភាពអាស៊ាន, សច្ចាប្រណិធានតំណាងអត្តពលិកមានពិការភាព និងតំណាងអាជ្ញាកណ្តាល ចៅក្រម, ផ្ទាំងទស្សនីយភាព «បេះដូងខ្មែរ» មានរយៈពេល ៣៥នាទី ដោយមានការប្រគំស្គរជ័យ ២២០នាក់ និងរបាំនារីកម្ពុជា ១៦៥នាក់, រត់ភ្លើងគប់, អុជភ្លើងគប់ធំ និងការអុជកាំជ្រួចអបអរសាទររយៈពេល៤នាទី។

សូមបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុង​ប្រទេស​​ទាំង១១នៅអាស៊ីអាគ្នេយ៍។ ការប្រកួតបានចាប់ផ្តើមលើកដំបូងនៅទីក្រុង​កូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦ ដល់២៩ ខែតុលា ឆ្នាំ២០០១ ដោយមាន​អត្ត​ពលិក​ចូលរួមជាង ៧០០នាក់ មកពីប្រទេសព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី ថៃ និងវៀតណាម។

ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងដូចទៅនឹងការ​ប្រកួត​កីឡាស៊ីហ្គេមផងដែរ។ ប្រទេសជាសមាជិក ត្រូវទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះ​រៀប​ចំការ​ប្រកួតទៅតាមលំដាប់តួអក្សរអង់គ្លេសម្តងម្នាក់។

នៅឆ្នាំ២០១៩ ដែលប្រទេសហ្វីលីពីន គ្រោងធ្វើម្ចាស់ផ្ទះ និងឆ្នាំ២០២២ ប្រទេសវៀតណាម គ្រោងធ្វើជាម្ចាស់ផ្ទះ ត្រូវបានខក​ខាន​ដោយសារវិបត្តិCOVID-19 គឺអាស៊ានប៉ារ៉ាហ្គេមលើកទី១០ និងលើកទី​១១។ ក្នុងស្ថាន​ភាពនេះ ប្រទេសឥណ្ឌូ​នេស៊ី ក៏ទទួលយកធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម​លើក​ទី១១ កាលពីខែកក្កដា និងសីហា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា មានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិក (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

ការប្រកួតនេះ មានប្រតិភូកីឡាចូលរួមសរុប ២,៦៩២រូប។ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន ១៧៦នាក់ កីឡារិនីចំនួន ​៧៦នាក់ សរុបអត្តពលិកចំនួន ២៥២នាក់ គ្រូបង្វឹក និងគ្រូជំនួយចំនួន ៧០នាក់ ថ្នាក់ដឹកនាំចំនួន ១៦នាក់ គ្រូពេទ្យចំនួន ១នាក់ អ្នកដឹកនាំក្រុមចំនួន ៤នាក់ និងនាយបេសកកម្មចំនួន ១នាក់ នាយបេសកកម្មរង ៣នាក់។

ក្នុងចំណោមអត្តពលិកជនពិការទាំង ២៥២នាក់ មានជនពិការភ្នែក ៣២នាក់ ស្រី ៦នាក់ ចលករខួរក្បាល ២៣នាក់ ស្រី ៥នាក់ ពិការសតិបញ្ញា ៤នាក់ ស្រី ១នាក់។ អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសារ វិញ្ញាសារ​បុរសចំនួន១៦០ វិញ្ញាសារនារីចំនួន៨០ វិញ្ញាសារគូចម្រុះចំនួន ៦ វិញ្ញាសារក្រុមចំនួន​១៣។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រំពឹងទុកនូវសន្ទសន៍មេដាយ កើនឡើង​៥០ភាគរយ បើប្រៀបធៀបអាស៊ានប៉ារ៉ាហ្គេមលើកទី១១ សរុប ៥៦គ្រឿង ក្នុងនោះ​រួមមានមេដាយមាស ៨គ្រឿង មេដាយប្រាក់ ២១គ្រៀង មេដាយសំរឺទ្ធ ២៧គ្រឿង។ តាមការប៉ាន់ស្មាន ប៉ារ៉ាឡាំពិកកម្ពុជា អាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ១១ប្រទេសចូលរួម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពាវនាវប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ឱ្យបានផុលផុសដូចការប្រកួតស៊ីហ្គេម ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី១៧ ខែឧសភា។

សម្តេចតេជោ ក៏បានប្រកាសធ្វើជាម្ចាស់ផ្ទះឱ្យបានល្អ សម្រាប់ការប្រកួត ការស្នាក់នៅ និងការស្វាគមន៍ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ៕