(រតនគិរី)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១៤៣រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលសមាជិក សមាជិកាទាំង១៤៣រូប បានសម្រេចចិត្តចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញយ៉ាងច្បាស់ អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាកំពុងពួតដៃកសាងសង្គមជាតិរបស់ខ្លួន និងជម្នះនូវបញ្ហាប្រឈមទាំងឡាយ ប្រកបដោយភាពជាអ្នកធ្វើជាម្ចាស់លេីជោគវាសនារបស់ខ្លួន ដើម្បីឈានសម្រេចបាន គោលដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសជឿនលឿនខ្លាំងក្លាមួយនៅក្នុងតំបន់។ គណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយបានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា។

ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសបញ្ចូលថ្មីទាំង១៤៣រូប និងសមាជិក សមាជិកា ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

ត្រូវគោរពការពាររដ្ឋធម្មនុញ្ញ និងគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា។ ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គ្រប់ដំណាក់កាលបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ត្រូវគោរព អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងរាល់សមិទ្ធផល សង្គមជាតិ។

សូមចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។ ត្រូវចូលរួមធ្វើចលនាអូសទាញសមាជិក សកម្មជនគណបក្សផ្សេងៗ ព្រមទាំងសាច់ញាតិ បងប្អូន ដើម្បីចូលរួមជីវភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕