(ភ្នំពេញ)៖ ក្រោយយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់និយោជិក និងអ្នកស្វែងរកការងារធ្វើ នៅលើទឹកដីនៃខេត្តចំនួនពីររួចមកគឺ ខេត្តបាត់ដំបង និងសៀមរាបនោះ នៅថ្ងៃស្អែកនេះ វេទិកាទស្សនកិច្ចការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងបន្តនាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗ ដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងទឹកដីខេត្តកំពង់ធំ។

បើយោងតាមការប្រកាសរបស់ NEA វេទិកាទស្សនកិច្ចការងារនេះ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមិថុនានេះ ហើយនឹងបន្តទៅខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមិថុនា ខាងមុខនេះ នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។

វេទិកានេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

សម្រាប់យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តកំពង់ធំ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

គួរបញ្ជាក់ផងដែរថា «វេទិកាការងារ» និង «សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ» នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕