(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលជាតំណាងឲ្យគ្រប់រោងចក្រ នាំចេញសម្លៀកបំពាក់ទាំងអស់នៅកម្ពុជា សូមសម្ដែងនូវការជំទាស់ និងការសោកស្ដាយចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង ដោយបានអំពាវនាវឲ្យសហភាពអឺរ៉ុប កាត់បន្ថយការនាំចូលសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា នេះបើតាមសេចក្តីប្រកាស របស់ GMAC ដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។
ការលើកឡើងរបស់ លោក សម រង្ស៊ី ត្រូវបានសារព័ត៌មានដកស្រង់សម្ដីថា «ដូចនេះបើសហភាពអឺរ៉ុប បិទទីផ្សារនាំចេញ [សំលៀកបំពាក់] ពីកម្ពុជា គឺនៅពេលបើកទីផ្សារមកវិញ មិនចេះតែបើកវិញ [ងាយៗស្រួល] ទេ គឺត្រូវមានភ្ជាប់ជាមួយលក្ខខ័ណ្ឌផងដែរ។ បើអ្នកធ្វើដូច្នេះរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញហើយ»។ ក្នុងនោះដែរលោក សម រង្ស៊ី ក៏បានលើកឡើងថា ការធ្វើដូច្នេះនឹងប៉ះពាល់ដល់កម្មករនោះទេ ប៉ះតែថៅកែធំៗតែប៉ុណ្ណោះ។
យ៉ាងណាមិញ អគ្គលេខាធិការ GMAC លោក ខេន លូ មិនយល់ស្របចំពោះការលើកឡើងរបស់អ្នកនយោបាយរូបនេះឡើយ ហើយបានបន្តថា ប្រសិនបើសហភាពអឺរ៉ុបកាត់បន្ថយការនាំចូលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាមែននោះ អ្នកដែលប៉ះពាល់មុនគេគឺកម្មករ មិនមែននិយោជកឡើយ។
លោក ខេន លូ បានថ្លែងថា៖ «សហភាពអឺរ៉ុបគឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ហើយបើសហភាពអឺរ៉ុបចាត់វិធានការណាមួយដើម្បីបន្ថយការនាំចូល មានន័យស្មើនឹងការវាយបំបែកឆ្នាំងបាយរបស់កម្មករយ៉ាងដូច្នោះដែរ»។
អគ្គលេខាធិការ GMAC រូបនោះជឿជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យមានការមិនសប្បាយចិត្តទាំងកម្មករនិយោជិត និងនិយោជក។
លោកបានបន្ថែមថា៖ «កម្មករអាចនឹងបាត់បង់ការងារធ្វើ ខណៈដែលនិយោជកអាចនឹងត្រូវរើអាជីវកម្មរបស់ខ្លួនចេញពីកម្ពុជា ដោយសារតែពួកគេលែងអាចនាំចេញផលិតផលរបស់ខ្លួនទៅសហភាពអឺរ៉ុបបានទៀត។ វាច្បាស់ណាស់យើងទាំងអស់គ្នា(និយោជក) ទាំងកម្មករនិយោជិត និងរដ្ឋាភិបាលនឹងមានជោគវាសនាដូចគ្នា»។
ស្របពេលជាមួយគ្នានេះ GMAC ក៏បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋាភិបាល និយោជក កម្មករនិយោជិត និងសហជីព ដើម្បីថែរក្សាឧស្សាហកម្មមួយនេះ ខណៈដែលការប្រកួតប្រជែងកាន់តែកើនឡើងទាំងកម្រិតតំបន់ និងនៅលើសកលលោក។
លោក ខេន លូ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងកំពុងតែឈានដល់ចំណុចមួយដែលគ្រប់គ្នាចាំបាច់ត្រូវចូលរួមក្នុងការលើកកម្ពស់ឧស្សាហកម្មកាត់ដេរនេះ។ បើទោះបីជាវិស័យនេះមានការរីកចម្រើនជារៀងរាល់ឆ្នាំក្តី ប៉ុន្តែយើងសង្កេតឃើញថា ការរីកចម្រើននោះចេះតែថយទៅៗ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសជិតខាងរបស់យើង»។
ឧស្សាហកម្មកាត់ដេររួមចំណែកជិត ២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ បើសិនជាវិស័យនេះមានការធ្លាក់ចុះនោះនឹងជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចរបស់ប្រទេស៕