(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពរកសុខសន្តិភាព ហើយការពារបាននូវសុខសន្តិភាព។

សម្តេចតេជោ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើខ្ញុំ មិនការពារអំណាច តើមានសន្តិភាពដូចសព្វថ្ងៃទេ? ពួកអ្នកឯង មានសមត្ថភាពទេ ក្នុងការគ្រប់គ្រងសន្តិភាព នៅកម្ពុជា? មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្តិភាព និងការពារ សន្តិភាពបាន»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បទបញ្ជារបស់សម្តេចត្រូវតែអនុវត្តន៍ បើនរណាហ៊ានប្រមូលផ្តុំធ្វើបាតុកម្ម។ ឆ្នាំ២០១៣ ថៅកែបាតុកម្មក្បត់ជាតិ៣ជំនាន់ បានទៅបុកទម្លាយទ្វាររោងចក្រ ដែលកម្មករ កម្មការិនីមិនចេញធ្វើបាតុកម្ម៕