(ភ្នំពេញ)៖ រឿងរ៉ាវបណ្ដឹងលែងលះដ៏គួរឲ្យភ្ញាក់ផ្អើល និងក្លាយជារឿងដ៏សើប ចង់ដឹងពីសំណាក់មហាជនទូទៅ ចំពោះជម្លោះប្ដីប្រពន្ធរវាងតារាសម្ដែង ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស នៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះ ត្រូវបានចៅក្រមសាលាដំបូងសម្រេចចេញសាលក្រមលែងលះជាផ្លូវការរបស់ពួកគេ ទាំងពីរជាស្ថាពរហើយ បន្ទាប់ពីធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើនសារ មិនទទួលបានលទ្ធផលរួចមក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី រិន បានបង្ហើបប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិចថា សវនការក្នុងសំណុំ រឿងបណ្ដឹងលែងលះភរិយា របស់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃនេះហើយ ប៉ុន្តែជុំវិញខ្លឹមសារលំអិតនៃសាលក្រមក្នុងរឿងនេះ លោកសុំមិនធ្វើអត្ថាធិប្បាយឲ្យច្រើនបានទេ ព្រោះទាក់ទៅនឹងសិទ្ធិបុគ្គល។ ជាមួយគ្នានេះសវនការក៏ត្រូវធ្វើឡើងក្នុងបន្ទប់របស់លោកចៅក្រមដែរ ពោលមិនបានធ្វើឡើងក្នុងបន្ទប់កាត់ក្ដី ជាសាធារណៈនោះទេ។
យ៉ាងណាមិញ ទោះបីជាមន្រ្តីតុលាការ មិនបានបកស្រាយលំអិត ស្ដីពីសាលក្រមនេះ ព្រោះជាសិទ្ធិបុគ្គល និងជាសំណុំរឿងរដ្ឋបវេណីក្ដី ប៉ុន្តែបើតាមប្រភពពីអ្នកដែលជិតស្និទ្ធនឹងតារាសម្ដែង ភិន សុដាលីស បានទម្លាយថា លោក ប៉ែន ចំរ៉ុង ដែលជាប្ដីហេងស៊យចង់ផ្គត់ផ្គង់ និងផ្ដល់អាហារកិច្ចដល់កូនក្នុងផ្ទៃរបស់ ភិន សុដាលីស ពេលកូននេះប្រសូត្រមក ប៉ុន្តែ ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ចពីលោក ប៉ែន ចំរ៉ុង នោះឡើយ។
សូមបញ្ជាក់ថា តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងសុំលែងលះភរិយាអ្នកនាង ភិន សុដាលីស ចាប់តាំងពីអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងជាមួយគ្នា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការរស់នៅកម្សត់កម្រ អស់រយៈពេលប្រមាណ១ឆ្នាំ រហូតឈានដល់សាងដំណក់ឈាមរួមគ្នា មានកូនក្នុងផ្ទៃជាង៧ខែមកហើយនោះ៕