(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចមិនទុកចិត្តឡើយ ចំពោះបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចង់ផ្តួលរំលំគេឯង ដូច្នេះហើយសម្តេចនឹងមិនស្នើសុំការលើកលែងទោស ដល់អ្នកទោសណា ដែលមានអន្តរាគមន៍ពីបរទេសនោះឡើយ។

សម្តេចតេជោសង្កត់ធ្ងន់ថា អ្នកទោសណាដែលមានអន្តរាគមន៍ពីបរទេស ត្រូវឱ្យជាប់ពន្ធនាគារឲ្យគ្រប់ថ្ងៃ ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ជាតិ រាប់ទាំងអប្សរាក្បាលត្រងោល ដែលសម្តេចចង់សំដៅដល់អ្នកស្រី សេង ធារី ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ គឺមិនត្រូវបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌឡើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងដែលខ្ញុំមិនលើកលែងទោស ជាមួយអ្នកណាគឺដោយសារខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចង់ផ្តួលរំលំគេ សូមជម្រាបជូនសារទៅអន្តរជាតិអន្តរាគមន៍លើនរណា អ្នកហ្នឹងជាប់គុកឱ្យគ្រប់ថ្ងៃ ឧទាហរណ៍អប្សរាក្បាលត្រងោល កុំសង្ឃឹមថាទទួលការលើកលែងទោស ឬបន្ធូរបន្ថយទោសនៅភ្ជុំបិណ្ឌ ស្អីៗ។ អប្សរាក្បាលត្រងោលមួយ សុំរដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះអន្តរាគមន៍ បើមានអន្តរាគមន៍កុំលើកលែង ទុកជាប់រហូតដល់ថ្ងៃចុងក្រោយ ព្រោះអត់មានប្រយោជន៍ទេ ដើម្បីយើងស៉ីសងគ្នានៅលើតុឱច្បាស់»

សម្តេចបន្ថែមទៀតថា «[បរទេសមួយចំនួន] មកនិយាយជាមួយខ្ញុំ ខ្ញុំថាឲ្យវិញ ដោយគេថាសំណុំរឿងអ្នកនេះ មានការរសើបណាស់សម្រាប់ប្រទេសយើងខ្ញុំ ដោយសារអ្នកណឹងជាជនជាតិយើងខ្ញុំ។ ខ្ញុំប្រាប់ត្រឡប់ទៅវិញ អីចឹងវិធីដែលល្អជាងគេរបស់ខ្ញុំ គឺថាខ្មែរឱ្យមានសញ្ជាតិតែមួយ ត្រូវអនុវត្តន៍ច្បាប់ខ្មែរ ដោយគ្មានការលើកលែង ដើម្បីយើងបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិ ដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មានបរទេសមួយចំនួនគេគំរាមថា គេមិនបញ្ជូនអ្នកអង្កេតការណ៍មកចូលរួមការបោះឆ្នោតទេ បើមិនព្រមតាមសំណើរបស់គេ ដោយសម្តេចឆ្លើយតបទៅវិញថា «ចង់បញ្ជូនក៏បញ្ជូនមក បើមិនបញ្ជូនក៏ហីទៅ កុំមកប្រដៅ» មិនបញ្ជូន ក៏ការបោះឆ្នោតនៅតែដំណើរការ តាមលទ្ធិប្រជាធិបតេយ្យ៕