(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់លាស់ ពីផែនការរបស់រាជរដ្ឋាភិបាល ដោយមិនដកថយនោះឡើយ ចំពោះករណីតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាល ត្រូវរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ ប្រសិនបើអង្គការណា ដែលមិនរាយការណ៍នឹងត្រូវរំលាយចោល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងលើអង្គការ សមាគម រួចរាល់ហើយ គឺមិនអាចដកថយឡើយ ចំពោះលក្ខខណ្ឌតម្រូវឱ្យរាយការណ៍នេះ ដែលត្រូវធ្វើវិសោធនកម្ម ច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។
សម្តេចតេជោបន្ថែមថា សម្រាប់ការតម្រូវឱ្យអង្គការ សមាគម រាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុនេះ ប្រទេសផ្សេងជាអ្នកនាំឲ្យកម្ពុជាធ្វើតាម ហេតុអីប្រទេសគេធ្វើបាន កម្ពុជាធ្វើមិនបាន ?
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កុំថា ហ៊ុន សែន មុនបោះឆ្នោតមានការកៀបសង្កត់ អត់កៀបសង្កត់ទេ ប៉ុន្តែពួកអ្នកឯងលេងនយោបាយទុច្ចរិត បើធ្វើអង្គការក្រៅរដ្ឋាភិបាល បំផ្លាញរដ្ឋាភិបាល អត់ទេ ថ្ងៃក្រោយនឹងពិនិត្យឡើងវិញ ហើយបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ហើយ របាយការណ៍ហិរញ្ញវត្ថុ ត្រូវតែធ្វើ មិនដកទេកន្លែងនេះ អង្គការក្រៅរដ្ឋាភិបាលណាខ្លះ ទទួលលុយពីណាខ្លះ បើមិនធ្វើទេ ប៉ុន្មានខែត្រូវរំលាយចោលអង្គការនោះតែម្តង ដាក់ជាការកំណត់ក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសុំផ្ញើសារជូនទៅមិត្តភក្តិទាំងឡាយ និងអង្គការក្រៅរដ្ឋាភិបាល ឲ្យបានដឹង ជំហររបស់រាជរដ្ឋាភិបាលមិនដកថយទេ លើរបាយការណ៍ហិរញ្ញវត្ថុ ហើយបើអ្នកឯកមិនរាយការណ៍ទេ ថ្ងៃក្រោយរដ្ឋាភិបាលនឹងយកវិធានការរំលាយចោល នៅអង្គការនោះ ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោមហើយ។ ច្បាប់រាយការណ៍ហិរញ្ញវត្ថុនេះប្រទេសដទៃទេ ដែលជាអ្នកនាំឲ្យមានការធ្វើ ប្រទេសគេធ្វើបាន ដល់កម្ពុជាធ្វើ គេថាធ្វើអត់បាន»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ដែលជាជនជាតិខ្មែរ សូមកុំស៊ីលុយបរទេស ហើយមកវាយក្បាលខ្មែរ សូមភ្ញាក់រលឹក «កុំឱនក្បាលស៉ីលុយបរទេសហើយសម្លាប់ខ្មែរ»៕